រាជធានីភ្នំពេញ៖ បុរសម្នាក់បានជួបរឿងស៊យទាំងថ្ងៃ ខណៈគាត់ជិះម៉ូតូជិតអស់សាំងក៏ចូលទៅចាក់សាំងនៅដេប៉ូប្រេងតេលាមួយកន្លែង ។ លុះក្រោយពេលចាក់សាំងរួចរាល់ គាត់បញ្ឆេះម៉ូតូដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែឆ្លងចរន្តបង្កជាអណ្ដាតភ្លើងឆាបឆេះឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបុគ្គលិកនៅដេប៉ូប្រេងឥន្ធនៈខាងលើ រួមជាមួយអ្នកជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ។
ប៉ុន្តែភ្លើងមិនបានរលត់ភ្លាមៗឡើយ គឺគ្រាន់តែថមថយបន្តិចប៉ុណ្ណោះ បន្ទាប់មកបាននាំគ្នាអូសម៉ូតូនោះទាំងភ្លើងកំពុងឆេះចេញពីដេប៉ូប្រេងឥន្ធនៈទៅដាក់លើចិញ្ចើមផ្លូវ រួចបន្តប្រើបំពង់ពន្លត់អគ្គិភ័យបាញ់រហូតដល់រលត់ទាំងស្រុង ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០ នៅដេប៉ូប្រេងឥន្ធនៈតេលា ស្ថិតនៅតាមផ្លូវចោមចៅហៅផ្លូវវ៉េង ស្រេង កែងនឹងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលត្រូវភ្លើងឆេះនេះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកបរដោយបុរសចំណាស់ម្នាក់មិនស្គាល់ឈ្មោះ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើជិះម៉ូតូធ្វើដំណើរតាមផ្លូវ វ៉េង ស្រេង ហើយដោយសារម៉ូតូជិតអស់សាំង គាត់ក៏បត់ចូលទៅចាក់សាំងនៅក្នុងដេប៉ូប្រេងឥន្ធនៈតេលា ខាងលើ ។លុះចាក់សាំងហើយរួចហើយ គាត់ក៏បានបញ្ឆេះដើម្បីចេញដំណើរបន្តទៅមុខទៀត ប៉ុន្តែជាអកុសលស្រាប់តែឆ្លងចរន្តបង្កជាអណ្ដាតភ្លើង
បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅតែម្ដង ។
ប្រភពដដែលបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗនោះបុគ្គលិកនៅដេប៉ូប្រេងឥន្ធនៈខាងលើ ព្រមទាំងអ្នកជិតខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ប៉ុន្តែភ្លើងមិនបានរលត់ភ្លាមៗនោះឡើយ ។ ដោយខ្លាចឆេះរាលដាលដល់កន្លែងស្តុកប្រេងសាំង ទើបនៅពេលភ្លើងថមថយទៅវិញ បាននាំគ្នាអូសម៉ូតូទាំងភ្លើងកំពុងឆេះចេញពីស្ថានីយប្រេងឥន្ធនៈទៅដាក់លើចិញ្ចើមផ្លូវ រួចបន្តប្រើបំពង់ពន្លត់អគ្គិភ័យបាញ់រហូតដល់រលត់ទៅវិញទាំងស្រុង ។ ក្រោយមក បុរសចំណាស់ជាម្ចាស់ម៉ូតូបានលើកម៉ូតូ រួចអូសចេញពីកន្លែងកើតហេតុទៅបាត់ទៅទាំងការហួសចិត្ត ហើយពុំដឹងថាគាត់មានទីលំនៅនៅឯណាឡើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព