
រាជធានីភ្នំពេញ ៖ កន្លងមកប្រិយមិត្តបានស្គាល់ច្បាស់អំពីព្រះនាងតូច ជេន ណា ដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈ និងទទួលបានទីផ្សារការងារយ៉ាងណែនពេញដៃ ទន្ទឹមនឹងនេះស្រាប់តែថ្មីៗនេះ ក៏លេចមុខព្រះនាងថ្មីមួយដួងទៀតដែលមានព្រះភ័ក្ត្រស្រស់ប្រិយប្រិយ ហើយពោរពេញដោយទេពកោលស្យសិល្បៈយ៉ាងជំនាញផងដែរ ។
មហាជនកន្លងមកប្រហែលជាបានឃើញតារាម៉ូដែលវ័យក្មេងម្នាក់ ដែលតែងតែបង្ហាញស្ទាយយ៉ាងស្រស់ស្អាត តាមរយៈក្រុមបង្ហាញម៉ូដរបស់ Perfect 10 តែពុំមាននរណាម្នាក់បានដឹងលម្អិតអំពីតារាម៉ូដែលវ័យក្មេងមុខបែបកូនកាត់និងមានសម្រស់ស្រស់សោភារូបនេះ។ តែថ្មីៗនេះការពិតត្រូវបានលាតត្រដាងនោះ គឺតារាម៉ូដែលវ័យក្មេងម្នាក់នោះ មានសែស្រឡាយរាជវង្សខ្មែរមួយព្រះអង្គ ។ តារាម៉ូដែលតូចរូបនោះមានឈ្មោះថា Orfea Norodom ជាកូនកាត់ខ្មែរ អ៊ីតាលី ដែលត្រូវជាព្រះនត្តារបស់សម្ដេចព្រះមហិស្សរា នរោត្តមចក្រពង្ស និងត្រូវបុត្រីរបស់ព្រះអង្គម្ចាស់នរោត្តម Narithipong Norodom ដែលជាអ្នកជំនួញដ៏ល្បីម្នាក់ផងដែរ និងមានព្រះមាតាជាជនជាតិអ៊ីតាលី ។បើនិយាយពីសម្រស់របស់ព្រះនាងវិញ ពិតជាស្រស់ស្អាតខ្លាំង និងដងខ្លួនរបស់ព្រះនាងក៏សមសួន សាកសមជាតារាម៉ូដែលម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្រឡេកមើលទម្រង់មុខរបស់ព្រះនាងវិញ ទោះបីជាមានព្រះភ័ក្ត្រ និងទម្រង់មុខជាកូនកាត់ជនបរទេសក្តី តែនៅតែមានសម្រស់របៀបជាខ្មែរ ជាមួយនឹងសម្បុរស្រអែមស្រស់ ជាពិសេសអាជីពជាតារាម៉ូដែលនេះទៀតសោត គឺជាក្តីស្រម៉ៃរបស់ព្រះនាងផងដែរ ។ ដោយមានចិត្តស្រលាញ់ខាងសិល្បៈជាខ្លាំងជាពិសេសខាងផ្នែកម៉ូដែល ព្រះនាងតូច Orfea Norodom ក៏បានចាប់អាជីពជាតារាម៉ូដែលម្នាក់នៅក្នុងក្រុមបង្ហាញម៉ូតវ័យក្មេង ឈ្មោះថា Perfect 10 ដើម្បីបង្ហាញជាហាត់រៀនបន្ថែមទៀត នៅក្នុងវិស័យដើរបង្ហាញម៉ូដមួយនេះ ។ មិនត្រឹមតែមានជំនាញខាងម៉ូដដែលនោះទេ ប៉ុន្តែ Orfea ដែលទើបតែមានព្រះជន្ម ១៣ ព្រះវស្សាក៏ពិតមែន តែព្រះនាងតូចអង្គនេះក៏មានជំនាញជាច្រើនទៀតដូចជា លេងហ្គីតា ព្យាណូ និងអាចជិះសេះបានយ៉ាងស្ទាត់ជំនាញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះនាងក៏អាចនិយាយភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ នេះក៏ព្រះតែនាងជាមានដើមកំណើតនៅក្នុងប្រទេសបារាំង និងកំពុងតែសិក្សានៅសាលារៀនបារាំងដែលមានឈ្មោះថា Lycée Français René Descartes នៅក្នុងទីក្រុងភ្នំពេញផ្ទាល់ ។ យ៉ាងណាមិញ មហាជនដែលបានស្គាល់មិនទាន់បានដឹងនៅឡើយនោះទេថា Orfea អាចចាប់យកអាជីពជាតារាម៉ូដែល ដែលព្រះនាងស្រលាញ់ នៅថ្ងៃអនាគតនោះទេ ព្រោះតែមានព្រះមាតាបិតាសុទ្ធសឹងជាអ្នកជំនួញ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព