រាជធានីភ្នំពេញ៖ លោក ឃឺម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានរសេរលើកបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេនេះថា ការត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាដីធ្លីដែល នៅសេសសល់ទ្រង់ទ្រាយធំនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃជាច្រើន ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ ។ លោកអភិបាលស្រុកបន្តថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រុងប្រៀបប្រមូលនិងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួនយកលេសនេះមកទាមទារ និងឲ្យអាជ្ញាធរដោះស្រាយជូនដែរ។
លោកបានបញ្ជាក់ថា បញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះ គឺ៖ កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ រឺគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួលស្គាល់ ។ ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ សកម្មភាពទាំងនេះ ទាំងចាស់ថ្មី និងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់ ដែលរដ្ឋបាលស្រុកនឹង បន្តប្រកាន់ជំហររឹងមុឹងមាត់បំផុត ព្រមទាំងនឹងមានចំណាត់ការខាងផ្លូវច្បាប់យ៉ាង តឹងរឹងសម្រាប់ជនល្មើសទាំងនោះផងដែរ ។
ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុនក៏ដូចជា អនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបានតម្រូវអោយមេភូមិ មេឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រីរួសរាន់សហការជាមួយតំណាងរដ្ឋបាលព្រៃឈើ និងតំណាងក្រសួងបរិស្ថានចុះស្រង់ទិន្នន័យនៃប្រជាពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាព ចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន៤មុនគេរួមមាន ៖ ការកាន់កាប់អាស្រ័យផល ជាក់ស្តែងយូរមកហើយ, ដីដែលមិនមានទំនាស់ ,ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់ និង ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ ៕ ត្នោត