និច្ចសីលមានប្រាំសិក្ខាបទ ត្រង់សិក្ខាបទទី៣ ព្រះសម្មាសម្ពុទ្ធទ្រង់ហាមមិនឱ្យសេពកាមខុសទៅលើប្រពន្ធ កូនរបស់អ្នកដទៃ ដែលជាកម្មឱ្យផលភ្លាមៗមិនរង់ចាំជាតិក្រោយឡើយ ។
ចំណុចនេះប្រសិនបើបុរសជាប្តីមានចិត្តផិតក្បត់ទៅលួចលាក់មានស្រីថ្មី ធ្វើខុសនឹងគោលការណ៍រួមជីវិតមួយនិងមួយ ដោយគ្មានក្តីសន្តោសចំពោះភរិយារបស់ខ្លួន គ្មានទេសេចក្តីសុខក្នុងគ្រួសារ រឿងនេះវាស្រេចតែថា នាងជាភរិយាទទួលយកបាន ទ្រាំបានដែរឬយ៉ាងណា ។
ប្រសិនបើនាងជាភរិយាអាចទទួលយកបាន ក៏ស៊ូទ្រាំដោយការឲ្យអភ័យទៅ ដើម្បីកូននៅជួបជុំម៉ែឪ និងក៏អាចនៅសាងបុណ្យកុសល ធ្វើទានរក្សាសីល ជាឧបនិស្ស័យល្អតទៅមុខ ដូច្នេះចូរនៅធ្វើភរិយាល្អតទៅទៀតចុះ ។
ប៉ុន្តែបើហេតុការណ៍វាមានសភាពធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់ដោយការឆ្លងរោគ ឬស្លាប់ដោយការបៀតបៀនលបប្រហារពីស្ត្រីកំណាន់របស់ប្តីហើយនោះ គួរតែស្វាមីភរិយារកឱកាសនិយាយគ្នាឱ្យបានច្បាស់លាស់ និងប្រកបដោយសន្តិវិធី យកធម៌អហិង្សាមកទុកក្នុងចិត្ត លះទោសៈចេញឱ្យអស់ ហើយដេញដោលគ្នាក្រោមប្រធានបទថាតើគួរនៅរួមរស់ជាគ្នាទៀត ឬមួយក៏ត្រូវបែកផ្លូវគ្នា ?
ប៉ុន្តែបើការរស់នៅជាមួយគ្នាគ្រាន់តែដើម្បីញុំាងកុសលធម៌របស់ខ្លួនឱ្យសាបសូន្យ លើកអកុសលធម៌ឱ្យចម្រើនឡើងដូច្នេះ ព្រះពុទ្ធសាសនាឲ្យសេរីភាពក្នុងការជ្រើសរើសជីវិតរស់នៅតាមការសម្រេចចិត្តរបស់សាមីខ្លួន ធ្វើយ៉ាងណាឲ្យតែការរស់នៅនោះមានសេចក្តីចម្រើនរួចផុតពីអន្តរាយគ្រប់យ៉ាងទៅបានហើយ ។ដោយ៖ កោះសន្តិភាព