រាជធានីភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០នេះ។ លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យ៣នាក់នោះពីបទឆបោក និងលួចប្រាក់របស់អតិថិជនតាមរយៈវីង។
ជនសង្ស័យទាំង៣នាក់នោះ ទី១ ឈ្មោះ ប៊ុត បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាមេក្លោង) ទី២ ឈ្មោះ យន្ត ពិភព ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (អ្នកដកប្រាក់) និងទី៣ ឈ្មោះ យស់ ពិទូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកដកប្រាក់) ។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣ នាក់ ដែលពួកគេតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះតាមរយៈវីង ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពឆបោក និងលួចប្រាក់ តាមប្រព័ន្ធវីងប្រាកដមែន ដោយប្រើវិធីលួចយកលេខកូដសម្ងាត់របស់អតិថិជនតាមបណ្តាញសង្គម ដោយក្លែងបន្លំគណនីហ្វេសប៊ុក អ្នកលក់អនទ្បាញ ហើយបានទូរស័ព្ទទៅអតិថិជននោះ ដើម្បីទទួលបានលេខកូដសម្ងាត់វីង និងវិធីមួយទៀតគឺចូលបន្លំខ្លួនធ្វើជាអតិថិជន នៅតាមភ្នាក់ងារវេរលុយ លួចថតលេខកូដសម្ងាត់ផ្សេងទៀតដែលកំពុងតែវេលុយ ។
ក្រោយពីបានលេខកូដសម្ងាត់ និងលេខទូរស័ព្ទដែលត្រូវវេរលុយរួចហើយឈ្មោះ ប៊ុត បញ្ញា បានប្រើប្រាស់កម្មវិធី APP COOLER នៅលើទូរស័ព្ទដៃរបស់ខ្លួន ហើយឲ្យឈ្មោះ យន្ត ពិភព និងឈ្មោះ យស់ ពិទូ ទៅបើកប្រាក់តាមភ្នាក់ងារវេលុយវីងណាមួយនោះ ។
ពេលភ្នាក់ងារវេរលុយពិនិត្យលេខទូរ ស័ព្ទ នឹងឆែកមិនឃើញលេខជនឆបោកទេ តែបែរជាឃើញលេខអ្នកទទួលពិតប្រាកដទៅវិញ ។ សកម្មភាពរបស់ជនសង្ស័យទាំងអស់នេះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដោយពួកគេបានប្រើបច្ចេកទេសទំនើប បើសិនជាសមត្តកិច្ចមិនបង្ក្រាបទាន់ពេលវេលានោះ ដែលករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋមិនតិចទេ ត្រូវរងគ្រោះអស់លុយកាក់ដោយជនអគតិនេះ ។
ជាមួយនោះដែរសមត្ថកិច្ចបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ គួរមានការយល់ដឹង នឹងប្រុងប្រយ័ត្ន នៅពេលទៅដាក់ប្រាក់នៅតាមកន្លែងផ្ញើប្រាក់ ខ្លាចមានជនសង្ស័យលួចបន្លំនៅក្បែរនោះ ហើយលួចថតយកលេខកូដ ដើម្បីយកទៅប្រព្រិត្តអំពើល្មើស ច្បាប់ដូចការរៀរាប់ខាងលើនេះ ៕ ត្នោត