អ្នកបើកបរម៉ូតូមួយគ្រឿងបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងភ្លើងស្តុបពណ៌ក្រហមហើយជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងនៅស្តុប Paniad Chang ក្នុងស្រុក Banglamung នៃខេត្ត Chonburi នាព្រឹកថ្ងៃសៅរ៍នេះ។
មន្រ្តីប៉ូលិសក្រុង Pattaya និងក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តមួយគ្រឿង ហើយបានមកដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ២ រំលងអធ្រាត្រ ថ្ងៃទី ២០ ខែកញ្ញា។ ម៉ូតូពណ៌សរបស់ជនរងគ្រោះរងការខូចខាតយ៉ាងដំណំស្ទើរតែខ្ទេចខ្ទីនៅលើដងផ្លូវ ចំណែកឯរថយន្តរងការខូចខាតត្រង់ខាងមុខផ្នែកខាងឆ្វេង។ លើសពីនេះ គេបានប្រទះឃើញជនរងគ្រោះដែលជាម្ចាស់ម៉ូតូដេកសន្លប់ស្តូកស្តឹងនៅលើថ្លុកឈាមដោយរងរបួសធ្ងន់។ ក្រុមសង្គ្រោះបន្ទាន់បានប្រើវិធីសង្គ្រោះនៅនឹងកន្លែង ហើយព្យាយាមបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុត។ សាក្សីក្នុងតំបន់បានប្រាប់ប៉ូលិសថា ជនរងគ្រោះបានបើកបរម៉ូតូក្នុងល្បឿនលឿនហើយបើកឆ្លងកាត់ភ្លើងចរាចរណ៍ពណ៌ក្រហមនៅស្តុប Paniad Chang ភ្លាមៗនោះជនរងគ្រោះបានជ្រុលចង្កូតទៅបុករថយន្តដែលកំពុងព្យាយាមបត់ឆ្វេង។
ម្ចាស់រថយន្ដឈ្មោះ Chanatphim Theephopphokkhasap ភេទស្រី អាយុ ២៩ ឆ្នាំត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលស្រុក Banglamung ដើម្បីធ្វើការស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះ ហើយប៉ូលិសនឹងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរនោះផងដែរ។ គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តមិនមានរបួសនោះទេក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news