រាជធានីភ្នំពេញ ៖ យោងតាមការស្រាវជ្រាវ មុនពេលការផ្ទុះការរីករាលដាលនៃវីរុសកូវីដ១៩បានបង្ហាញថា ប្រជាជនអាមេរិកកាំងម្នាក់ៗយល់ថាខ្លួនអស់បារម្ភពីបញ្ហាហិរញ្ញវត្ថុប្រសិនបើខ្លួនមានទ្រព្យសម្បត្តិ (net worth) ចំនួន៩៣ម៉ឺនបួនពាន់ដុល្លាអាមេរិក ឬជាង១៥ដង នៃចំណូលជាមធ្យមប្រចាំឆ្នាំ សំរាប់ប្រជាជន១នាក់ (ចំណូលជាមធ្យមប្រចាំឆ្នាំគឺ៥៩ ៥០០ដុល្លា បន្ទាប់ពីសំរួលជាមួយ Purchasing Power Parity)។
ប្រសិនជាបងប្អូនដឹងនូវកំរិតទ្រព្យសម្បត្តិ ដែលគ្រួសារនៅកម្ពុជាអាចនឹងអស់ក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុ។ ខាងក្រោមនេះគឺជាសម្មតិកម្មសំរាប់ជាការស្រាវជ្រាវបន្ត ដើម្បីបញ្ជាក់ថា តើសម្មតិកម្មពិត ឬមិនពិត?
លោក ង៉ែត ជូ ដែលជាអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនាញខាងអចលទ្រព្យផងនោះ បានធ្វើការប្រៀបធៀបលទ្ធផល នៃការស្រាវជ្រាវខាងលើនេះជាមួយនឹងកំរិតសេដ្ឋកិច្ចរបស់កម្ពុជា ប្រជាជនកម្ពុជាម្នាក់ៗអាចនឹងអស់ក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុប្រសិនបើមានទ្រព្យសម្បត្តិចំនួន ៦២ ៧៨៩ដុល្លា (ជាង៦ម៉ឺនពីរពាន់ដុល្លារ)។
លោកបានបង្ហើបនូវរបៀបគណនាដូចជា ៖ ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា១នាក់ (៤០០០ដុល្លារ បន្ទាប់ពីសំរួលជាមួយ Purchasing Power Parity) គុណនឹង ១៥,៦។ ១៥,៦ គឺជាចំនួនដងនៃចំណូលជាមធ្យមប្រចាំឆ្នាំ ដែលប្រជាជនអាមេរិកកាំងយល់ថាខ្លួនអស់បារម្ភពីបញ្ហាហិរញ្ញវត្ថុ។
យោងតាមលទ្ធផលនៃការគណនាចំនួនទ្រព្យសម្បត្តិដែលទំនងជាអាចធ្វើអោយប្រជាជនកម្ពុជា១នាក់អស់បារម្ភពីបញ្ហាហិរញ្ញវត្ថុ យើងអាចគណនាចំនួនទ្រព្យសម្បត្តិដែលអាចធ្វើអោយគ្រួសារកម្ពុជាអស់បារម្ភពីបញ្ហាហិរញ្ញវត្ថុ ទៅតាមចំនួនសមាជិកគ្រួសារដូចខាងក្រោម៖
១) គ្រួសារដែលមានសមាជិក២នាក់ ត្រូវមានទ្រព្យសម្បត្តិជាង១២ម៉ឺន៥ពាន់ដុល្លារ (៦២ ៧៨៩ដុល្លា គុណនឹង២)។
២) គ្រួសារដែលមានសមាជិក៣នាក់ ត្រូវមានទ្រព្យសម្បត្តិជាង១៨ម៉ឺន៨ពាន់ដុល្លារ (៦២ ៧៨៩ដុល្លា គុណនឹង៣)។
៣) គ្រួសារដែលមានសមាជិក៤នាក់ ត្រូវមានទ្រព្យសម្បត្តិជាង២៥ម៉ឺនដុល្លារ (៦២ ៧៨៩ដុល្លា គុណនឹង៤)។
៤) គ្រួសារដែលមានសមាជិក៥នាក់ ត្រូវមានទ្រព្យសម្បត្តិជាង៣១ម៉ឺនដុល្លា (៦២ ៧៨៩ដុល្លា គុណនឹង៥)។
ការគណនាខាងលើគឺជាសម្មតិកម្មតាមរយៈការប្រៀបធៀបដោយផ្អែកលើកំរិតសេដ្ឋកិច្ចផ្សេងគ្នារវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិកកាំង។ ប្រជាជនកម្ពុជាយល់ឃើញយ៉ាងណា វាអាស្រ័យលើទម្លាប់នៃការចាយវាយ និងកំរិតនៃការគាំពារសង្គមដែលប្រជាជនកម្ពុជាទទួលបានពីរដ្ឋាភិបាល។
ហើយក៏សូមជម្រាបជូនថា ប្រជាជនកម្ពុជាមិនមានសេវាគាំពារសង្គមល្អ ដូចអ្វីដែលប្រជាជនអាមេរិកកាំងទទួលបាននោះទេ។
សូមបញ្ជាក់ថា ប្រភពទិន្នន័យទាំងនេះ លោក ង៉ែត ជូ បានដកស្រង់ចេញពី The World Factbook និង CNBC៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព