អ្នកអត់សីលគឺអ្នកមិនរក្សាសីលតែងរស់នៅដោយសេចក្ដីប្រមាទក្នុងការងារទាំងឡាយ និងថែមទាំងនាំឲ្យប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗមាន លេងល្បែងស៊ីសង សេពគប់បាបមិត្ត លេងស្រី ផឹកសុរាជាដើម ដែលជាអំពើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារអស់គ្មានសល់ទៀតផង ។ បុគ្គលទ្រុស្តសីលរមែងជួបនូវសេចក្តីអន្តរាយ៤យ៉ាងក្នុងបច្ចុប្បន្នគឺៈ
១- នាំឲ្យវិនាសទ្រព្យសម្បត្តិក្នុងបច្ចុប្បន្ន ។
២- នាំឲ្យមានកេរ្តិ៍ឈ្មោះអសោចិ៍ ដែលគួរឲ្យតិះដៀលស្អប់ខ្ពើមអំពីអ្នកដទៃ ។
៣- ជាអ្នកអឹមអៀន មិនក្លៀវក្លាក្នុងទីប្រជុំជន ។
៤- ជាអ្នកវង្វេង មានអារម្មណ៍មិនល្អ នៅពេលជិតមរណកាល ។
នេះជាទោសនៃអ្នកដែលមិនរក្សាសីលរមែងឃើញទាន់ហន់ច្បាស់នឹងភ្នែកក្នុងពេលបច្ចុប្បន្នមិនបាច់រង់ចាំជាតិក្រោយឡើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព