យ៉ាម៉ាម៉ូតូ ជាទីលានបើកបរយានយន្តរបស់ក្រុមហ៊ុនកម្ពុជា-ជប៉ុន ដែលមានទីតាំងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយជិះកាត់តាមផ្លូវ ៤១ (ផ្សារគគ្រួស) ។
១.ការធ្វើដំណើរ
លោកអ្នកអាចធ្វើដំណើរកាត់តាមផ្លុវជាតិលេខ៣ ឬលេខ៤ដើម្បីទៅកាន់ផ្លូវ៤១បាន។ ហើយស្ថានភាពផ្លូវបត់ចូលមានមិនសូវជាមានភាពពិបាកប៉ុន្មានទេ។ ផ្លូវបត់ចូលទៅកាន់ទីតាំង មានចម្ងាយប្រហែល ៦-៧គីឡូម៉ែត្រ ជាស្ថានដី (មានគ្រលុកខ្លះៗ ប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់រថយន្តធនតូចឡើយ) ។
លម្អិតពីការធ្វើដំណើរ៖
– ប្រសិនបើធ្វើដំណើរតាមផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរដល់ភូមិសំរោង ត្រង់ផ្លុវបែកជាបីដូចរូបខាងក្រោម (ផ្លូវទៅកាន់ភ្នំតូច) បត់ស្តាំ (ស្ថានភាពផ្លូវក្រាលកៅស៊ូ តែមានគ្រលុកតំបន់ខ្លះ)។ ត្រូវបន្តដំណើរតាមបណ្តោយផ្លូវនោះរហូតដល់ច្រកចេញ (ច្រកចេញក្បែរផ្សារគគ្រួសល្មម) បន្ទាប់មកបត់ឆ្វេង។
ចុងម្ខាងនៃផ្សារ មានការ៉ាស់សាំងតេឡានៅខាងស្តាំដៃ និងក្លោងទ្វារវត្តមួយស្រួលចំណាំ។ បត់ស្តាំតាមក្លោតទ្វារនោះ រហូតដល់ក្លោងទ្វារវត្តមួយផ្សេងទៀត ត្រូវបត់ស្តាំម្តងទៀត។ បន្ទាប់មកបត់តាមផ្លុវកោងទៅឆ្វេង និងបន្តដំណើរត្រង់រហូតដល់ផ្លុវបែកជាបី (ត្រូវបត់ឆ្វេង)។ ទីតាំងនៅខាងឆ្វេងដៃ និងមានស្លាកសម្គាល់ស្រាប់។
– ប្រសិនបើធ្វើដំណើរតាមផ្លូវជាតិលេខ៤ ត្រូវបត់ឆ្វេងតាមផ្សារថ្នល់ទទឹង បន្តដំណើរត្រង់រហូតដល់ផ្សារគគ្រួសតែម្តង។
២.តម្លៃកម្សាន្ត
សម្រាប់សំបុត្រចូលទស្សនាលេង មើលទេសភាព ញ៉ាំអាហារ និងមើលការជិះឡានប្រណាំងរបស់ទេសចរ តម្លៃចូល ១៥០០០៛ (នេះមិនរួមបញ្ចូលការជិះឡានប្រណាំងនោះទេ)។
– ជិះម្នាក់ឯង ៥ជុំ ២០ដុល្លារ
– ជិះ២នាក់ ៥ជុំ ៣០ដុល្លារ (ក្មេងម្នាក់ មនុស្សពេញវ័យម្នាក់)
ហើយលក្ខខណ្ឌដែលអាចជិះឡាននោះបាន ត្រូវមានកំពស់ 1.40cm ឡើងទៅ។
៣.មានអ្វីខ្លះ?
ភ្ញៀវទេសចរ ភាគច្រើនទៅកម្សាន្តដើម្បីទទួលយកអារម្មណ៍ប្លែក ជាមួយនឹងបើកបរប្រភេទរថយន្តប្រណាំងដែលខ្លួនមិនធ្លាប់មានឱកាសសាកល្បងបើកបរ (អ្នកមិនទាន់ចេះបើកបរ ក៏អាចបើកបាន)។
ម៉្យាងវិញទៀត ទីនោះរួមបញ្ចូលដោយទេសភាពដ៏ស្រស់ត្រកាលនៃភ្នំ ដែលហ៊ុំព័ន្ធដោយធម្មជាតិដ៏បំព្រង អាហារដ្ឋាន កន្លែងអង្គុយទស្សនាការបើកបរ និងទេសភាពវាលស្រែពោពេញដោយដើមត្នោតដ៏ល្វឹងល្វើយ ៕ (មើលឃើញអាគារខ្ពស់ៗនៅភ្នំពេញថែមទៀតផង បើមិនជឿសាកល្បងទៅបាន)