ប្រម៉ាត់ប្រម៉ង់ សំដៅទៅលើប្រភេទមនុស្សដែលមានការរស់នៅបែបសាហាវឃោរឃៅព្រៃផ្សៃដូចជាបិសាច ដែលវាអាចកើតឡើងច្រើនបែប តែភាគច្រើនគេឃើញថាប្រភពនៃការកកើតក្លាយជាប្រម៉ាត់ប្រម៉ង់គឺដោយសារតែការកាន់គ្រូខុសទាក់ទងទៅនឹងអំពើមន្តអាគមន៍អូមអាមផ្លូវងងឹតឬមន្តវិជ្ជាការការពារខ្លួនតាមក្បួនបុរាណតរៀង តែបុគ្គលទាំងនោះ ច្រើនតែចង់លើសគ្រូ ភ្លេចគុនគ្រូ ឬលួចរៀនវិជ្ជាការដោយគ្មានគ្រូជាដើម។
យូរៗម្ដងគេឃើញវត្តមានប្រម៉ាត់ប្រម៉ង់ចេញចាប់មនុស្ស អ្នកភូមិ ស្រីៗ និងក្មេងៗ យ៉ាងកំបាំង ហើយអូសយកមនុស្សណាដែលវាបានចាប់បាននោះទៅទីឋានដែលវាសំងំលាក់ខ្លួនរស់នៅ ដែលភាគច្រើនជារូងភ្នំ ដំបូកព្រៃ ឬទីដាច់ឆ្ងាយណាដែលមិនសូវមានមនុស្សទៅ។
វាមានរូបរាងស្មោគគ្រោក ខ្នងកោង សក់ក្បាលវែងរញ៉េរញ៉ៃ ដំបៅដង្កូវចោះពេញសារពាង្គកាយ កែវភ្នែកក្រឡោតដោយកំណាច ចង្កូមវែងៗ ក្រចកដៃវែងខ្មៅជាអាវុធសម្រាប់ខ្លាចហែកពោះមនុស្សខ្វេះយករឿងខ្ញុំជាពិសេសប្រម៉ាត់មកស្លរស៊ី។
វាស៊ីគ្រឿងក្នុងមនុស្សមិនមែនស៊ីតែស្ត្រី និងក្មេងៗទេ តែមូលហេតុដែលស្ត្រី និងក្មេងៗក្លាយជាជនរងគ្រោះជាច្រើនរបស់វា គឺដោយសារតែវាមានកម្លាំងខ្លាំងជាង នាំឱ្យងាយស្រួលក្នុងការចាប់អូសទៅទីឋានដែលវាសម្ងំរស់នៅ។
យើងបានជួបសម្ភាសជាមួយសាច់ញាតិតែមួយគត់នៃប្រម៉ាត់ប្រម៉ង់ចុងក្រោយបំផុត គឺលោកយាយ ផែង គង់ សព្វថ្ងៃមានអាយុ 76 ឆ្នាំហើយរស់នៅជាមួយកូន និងចៅៗ នៅឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលលោកយាយបានអះអាងយ៉ាងជាក់ប្រាកដថា លោកយាយត្រូវជាក្មួយស្រីបង្កើតរបស់បុរសប្រម៉ាត់ប្រម៉ង់ម្នាក់ក្នុងអតីតកាល។
ក្រោយពីស្ងប់ស្ងាត់អស់ពេលយ៉ាងយូរបានរៀបរាប់រឿងរ៉ាវយ៉ាងជាក់ច្បាស់ហាក់ដូចជាកើតឡើងថ្មីៗគាស់កាយឡើងវិញដើម្បីឱ្យប្រិយមិត្តអ្នកស្ដាប់របស់រាត្រី រន្ធត់ ដឹងថា,
កាលនោះ ក្នុងអំឡុងឆ្នាំ 1955 ពេលលោកយាយមានអាយុ 10 ឆ្នាំ បានរស់នៅយ៉ាងសុខសាន្តជាមួយគ្រួសារលោកយាយដែលមានសមាជិក ម្ដាយ ឪពុក លោកពូគឿន លោកយាយ និងប្អូនស្រីម្នាក់ទៀតរបស់លោកយាយ។
ឪពុករបស់លោកយាយគង់នេះ គឺជាគ្រូមន្តអាគមន៍អូមអាមខ្លាំងពូកែល្បីដាច់គេក្នុងភូមិវាលបែកចាន នាខេត្តបាត់ដំបងនេះ ដោយលោកចេះមន្តស្ដោះផ្លុំចូលរូប ដោះអំពើ ខាបស្បែកក្របីចេញពីពោះក៏មាន។ គាត់ចេះតមកពី ឪពុកដែលចេះតពីជីតា ជីតាទួតរបស់គាត់ផង។
ក្នុងរបៀននេះគាត់តឹងរឹងណាស់ ហាមដាច់ខាតមិនឱ្យកូនៗលោកយាយប្រឡូកឡើយ ម្ល៉ោះហើយរាល់ពេលណាដែលគាត់ទទួលភ្ញៀវណាម្នាក់ក្ដី លោកយាយ និងប្អូនលោកយាយ ត្រូវចេញទៅលេងនៅក្រៅ ឬទីកម្សាន្តណាពីផ្ទះ។ តែឪពុកលោកយាយបាន បង្រៀនវិជ្ជាអាគមផ្លូវងងឹតនេះ ឱ្យទៅប្អូនប្រុសទីមួយរបស់គាត់ គឺលោកពូគឿននេះ ចេះមន្តវិជ្ជាការសព្វគ្រប់បែប តែឪពុកលោកយាយមិនបានបង្រៀនទាំងអស់នោះទេ។ គឺក្បួនដើរព្រៃ។ ការណ៍នេះធ្វើឱ្យពូគឿនកើតក្ដីហ្មួហ្មងក្នុងចិត្តចង់ចេះក្បួននេះយ៉ាងខ្លាំង។
នារាត្រីមួយក្នុងពេលដែលពូគឿនមិននៅ ម្ដាយរបស់លោកយាយបានសួរពីមូលហេតុដែលមិនព្រមបង្រៀនវិជ្ជាព្រៃនេះទៅពូគឿន។
ឪពុកលោកយាយបានទម្លាយប្រាប់មូលហេតុថាដោយសារតែគាត់មើលឃើញមុនពីចិត្តខ្មៅខាងក្នុងបេះដូងរបស់លោកពូគឿន ទើបគាត់មិនបានបង្រៀនគ្រប់វិធីសាស្រ្តក្បួនរបៀន ដោយគាត់បានឃើញទុកមុនថា នៅពេលដែលលោកពូចេះគ្រប់សព្វដល់កំពូល នឹងបកមកសម្លាប់គាត់ និងគ្រួសារវិញមិនខាន។
ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរបស់លោកពូគឿន និងឪពុកលោកយាយកាន់តែអាក្រក់ឡើង ហើយមានថ្ងៃមួយ ពូគឿនបានបាត់ខ្លួនទៅពីផ្ទះនេះ ព្រមទាំងបានលួចរបៀនសាស្រ្តាស្លឹករឹតអំពីវិជ្ជាដើរព្រៃដែលឪពុកលោកយាយបានខំលាក់យ៉ាងជិតទុកលើដំបូងធ្នើផ្ទះ។
ឪពុកលោកយាយខិតខំបូលរកកន្លែងដែលពូគឿនកំពុងលាក់ខ្លួនដែរ តែដោយសារពូគឿនមានចំណេះបំបាំងវិញ្ញាណ ទើបមិនអាចបូលរកឃើញឡើយ។
កន្លងទៅយូរខែ លេចឮដំណឹងថាមានករណីបាត់មនុស្សនៅក្នុងភូមិរៀងរាល់ថ្ងៃពេញបរមី។
លោកយាយសង្កេតឃើញទឹកមុខឪពុករបស់គាត់ ក្នុងសភាពតក់ស្លុត ភ័យព្រួយ បារម្ភខុសពីធម្មតា ដូចជាដឹងរឿងហេតុអ្វីម្យ៉ាងអាក្រក់នឹងកើតឡើង។
ក្នុងពេលបាយនៅយប់មួយគាត់បានទម្លាយប្រាប់ថា ពូគឿនបានត្រឡប់មកវិញហើយ ប៉ុន្តែមិនមែនជាពូគឿនពីមុននោះទេ គឺមកក្នុងរូបជាតិប្រម៉ាត់ប្រម៉ង់គួរឱ្យខ្លាចយ៉ាងកាចសាហាវ ដែលចាំតែឃ្លាំចាំចាប់ហែកគ្រឿងក្នុងមនុស្សយកទៅស៊ីទាំងរស់ ហើយបើមិនបានស៊ីគ្រឿងក្នុង ឬប្រមាត់ទេនោះធ្វើឱ្យប្រកាច់ក្ដៅក្រហល់ក្រហាយ នេះគឺដោយសារតែគាត់ចង់ចេះលើសហួសប្រមាណនឹងចំណុះដែលគាត់អាចទទួលបាន ទើបបានជាបារមីដែលគាត់បានកាន់នោះបានបកមកវាយប្រហារគាត់វិញនាំឱ្យក្លាយទៅជាមនុស្សបិសាចបែបនេះ។
អ្នកភូមិអ្នកស្រុកបានមានការប្រុងប្រយ័ត្ន និងខ្លាចយ៉ាងខ្លាំង តែទោះបីជាប្រយ័ត្នយ៉ាងណា យូរៗម្ដង ក៏មានដំណឹងបាត់មនុស្សហើយនៅពេលដែលរកឃើញក៏ឃើញតែសាកសពគ្មានគ្រឿងក្នុងគួរឱ្យសង្វែគ។
តែជាអកុសល្យ ដោយអំណាចបិសាចបាបចូលខ្លួនខ្លាំងពេក ហើយអ្នកស្រុកមានការប្រុងប្រយ័ត្នខ្ពស់ ចាប់មនុស្សទៀតលេងបាន ប្រម៉ាត់ប្រម៉ង់នោះ ក៏បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មហើយមិនមាននរណាយកមកបុណ្យសពឡើយ គឺទុកនៅទីឋានដែលវាបានដេកដួលស្លាប់នោះឯង។
លោកស្រី ចេង រ័ត្នចិន្ដា ក៏បានចែករំលែករឿងរ៉ាវទាក់ទងនឹងប្រម៉ាត់ប្រម៉ង់នេះដែរ ប៉ុន្តែវាបានកើតឡើងទៅលើជីដូនរបស់គាត់ដែលបានទទួលមរណភាពកាលពីជំនាន់ប៉ុលពតហើយ ហើយជីដូនរបស់លោកស្រីក៏ជាជនរងគ្រោះតែមួយគត់ដែលបានរួចជីវិតពីការប្រហាររបស់ប្រមាត់ប្រមង់។
លោកស្រីបានរៀបរាប់តាមការនិទានប្រាប់ពីម្ដាយរបស់លោកស្រីថា,
កាលលោកយាយមានអាយុវ័យជំទង់ពេញរូបពេញរាង នៅក្នុងស្រុកភូមិរបស់គាត់ស្រាប់តែមានកើតរឿងចម្លែកមួយ គឺតែងតែបាត់ស្ត្រី ឬក្មេងៗ រៀងរាល់ពេលយប់យ៉ាងអាថ៌កំបាំងដោយមិនមាននរណាដឹងថាអ្នកដែលបាតទាំងនោះ ទៅដោយរបៀបណាឡើយ។ លុះក្រោយមកទៀតមានគេប្រទះឃើញគំនរសាកសពមនុស្សដែលមិនមានពោះវៀនគ្រឿងក្នុងសោះ គេក៏សន្មតយ៉ាងជាក់ច្បាស់ថា ជាប្រម៉ាត់ប្រម៉ង់ចូលមកស្រុកនេះហើយ។
ដូច្នេះហើយអ្នកស្រុកភូមិកចាប់ផ្ដើមព្រួយបារម្ភ និងប្រុងប្រយ័ត្នជាពិសេសផ្ទះណាដែលមានស្រីក្រមុំឬកូនតូចដែលងាយនឹងរងគ្រោះថ្នាក់ពីបិសាចប្រម៉ាត់ប្រម៉ង់នេះ។
រាត្រីមួយ, ពេលនាងក្រមុំកំពុងតែគេងនៅក្នុងផ្ទះដោយឪពុកម្ដាយអ្នកយាមនៅខាងក្រៅផ្ទះ ស្រាប់តែមានដៃដំបៅរលួយប្រកបដោយក្រចកវែងខ្មៅបានលូកតាមជញ្ជាំងស្លឹក ហើយចាប់ទាញនាងក្រមុំអូសទៅក្រៅយ៉ាងរហ័ស ធ្វើឱ្យនាងភិតភ័យតក់ស្លុតស្រែករកឪពុកម្ដាយឱ្យជួយ។ បិសាចប្រម៉ាត់ប្រម៉ង់មានកម្លាំងខ្លាំងៗ វារត់អូសរាងកាយស្រីក្រមុំម្នាក់នេះកាត់តាមវាលស្រែយ៉ាងកំរោលចូលទៅកាន់ព្រៃងងឹត។
ពេលនោះនាងភិតភ័យតក់ស្លុតរន្ធត់ស្មារតីណាស់ តែខំរកវិធីសាស្ត្របន្ទាន់ដើម្បីរួចជីវិត។
ដោយមិនដឹងធ្វើយ៉ាងណា ក៏ធ្វើជាសន្លប់បាត់ស្មារតី។ នោះពេលបីសាចប្រម៉ាត់ប្រម៉ង់នោះអូសនាងទៅដល់ទីដ្ឋានដែលវាតែងតែហែកហួរស៊ីគ្រឿងក្នុងនោះហើយ វាក៏បានទម្លាក់រាងកាយស្ត្រីក្រមុំនោះចោលហើយក៏ដើរចូលទៅក្នុងរូងហាក់ដូចជាកំពុងតែរកអ្វី។
ដោយមានឱកាសយ៉ាងទាន់ហន់នេះ នាងក៏ប្រញាប់ងើបហើយរត់ចេញយ៉ាងលឿនតាមតែអាចធ្វើបាន តែបិសាចប្រម៉ាត់ប្រម៉ង់នោះបានរត់តាមពីក្រោយជាប់ហើយបញ្ចេញសំឡេងគ្រហឹមដូចជាសត្វកាចសាហាវយ៉ាងព្រឺសម្បុរ។
ខណៈដែលកំពុងតែរត់គេចឱ្យរួចជីវិតនេះ ស្ទើរតែនឹងអស់កម្លាំងជើងទៅហើយ នារីអភ័ព្វម្នាក់នេះបានក្រឡេកឃើញភ្លើងអ្នកភូមិដែលកំពុងតែតាមរកនាង។ នាងបានរត់សំដៅទៅរកក្រុមអ្នកតាមរកនោះដោយស្រែកខ្លាំងៗតាមដែលអាចធ្វើទៅបាន ហើយក៏លែងឃើញប្រម៉ាត់ប្រម៉ង់ដេញតាមនាងទៀត។
នោះគឺជារាត្រីរួចជីវិតដ៏គួរឱ្យខ្លាចនៃលោកយាយរបស់លោកស្រីចិន្ដា ហើយគាត់បានប្រាប់ថាមិនមាននរណាដឹងឡើយថាប្រម៉ាត់ប្រម៉ង់នោះបានបាត់ខ្លួនទៅណា ស្លាប់ឬរស់ កំពុងលាក់ខ្លួននៅទីណានោះទេ។
មានចាស់ៗខ្លះទៀតអះអាងថាប្រម៉ាត់ប្រម៉ង់ក៏នៅតែលេចវត្តមាននៅក្រោយជំនាន់ប៉ុលពត ឬនៅអំឡុងឆ្នាំ 90 ទៅ ឆ្នាំ 2000 នេះដែរ តែបច្ចុប្បន្ននេះគេលែងឃើញវត្តមានវាទៀតហើយដោយសារតែអំពើរបៀនផ្លូវងងឹតមន្តអាគមទាំងឡាយមិនត្រូវបានគេបង្ហាត់បង្រៀនទូលំទូលាយឡើយ។
តែអ្នកខ្លះនៅតែមានអារម្មណ៍ថាភ័យខ្លាច ជាពិសេសពេលកំពុងងូតទឹក ដោយចេះតែខ្លាចថាប្រម៉ាត់ប្រម៉ង់អាចនឹងស្ទុះមកលោតហែកពោះខាំស៊ីគ្រឿងក្នុងជាចំណី៕
រៀបរៀង និងស្រាវជ្រាវដោយ Facebook Page និង YouTube Channel រាត្រី រន្ធត់!