រាជធានីភ្នំពេញ ៖ មានករណីបុរស២នាក់ និងស្ត្រីម្នាក់បានធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ក្នុងនោះស្ត្រីម្នាក់លោតទឹកបានសម្រេច តែត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់សង្គ្រោះទាន់ ចំណែកបុរស២នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់មិនទាន់បានលោតនោះទេ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី២៤ កក្កដា និងរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចលើស្ពានជ្រោយចង្វារ ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា ករណីទី១-ជាស្ត្រីម្នាក់បានធ្វើដំណើរទៅលោតទឹកពីលើស្ពានកាលពីវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីមានវិបត្តិរូបនោះ ត្រូវបាននគរបាលស្គាល់តាមរយៈអត្តសញ្ញណប័ណ្ណមួយសន្លឹកគឺឈ្មោះនុយ សុភ័ក្រ ភេទស្រី អាយុ២៤ឆ្នាំមានលំនៅផ្ទះលេខ៩៧ ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរូបនោះបានធ្វើដំណើរឡើងស្ពានជ្រោយចង្វាពីទិសខាងលិច នៅពេលឡើងជិតដល់កណ្តាលស្ពាន គេឃើញ នាងដើរចុះឡើងៗ រួចក៍ទុកកាបូបនោះនៅលើស្ពាន ហើយលោតចូលទៅក្នុងទន្លេតែម្តង ។ ភ្លាមៗក៏មានបងប្អូនជនជាតិខ្មែរអ៊ិស្លាមដែលកពុងតែនេសាទត្រីនៅក្រោមស្ពានចេញទូកទៅជួយស្រង់ និងបីនាងឡើងច្រាំង ហើយនាងសន្លប់មិនដឹងខ្លួននោះទេ បន្ទប់មកនគរបាលក៍បានទាក់ទងហៅរថយន្ត សាម៉ុយឱ្យមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ទាក់ទិនករណីនេះ គេពុំដឹងថា នារីរូបនោះមានវិបត្តិអ្វីឡើយ ។ បើតាមនគរបាលមានអោយដឹងថា ប្រហែលជានាងមានវិបត្តិអ្វីធ្ងន់ធ្ងរ ទើបបានជាគិតខ្លីមកលោតទឹកទាំងវ័យក្មេងបែបនេះ ។
ដោយឡែក ករណីទី២-ជាបុរសម្នាក់បានធ្វើដំណើរទៅលោតទឹកពីលើស្ពានជ្រោយចង្វារ នៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២០ ប៉ុន្តែមិនទាន់បានលោតនោះទេ ត្រូវបាននគរបាលនិងកម្លាំងសណ្តាប់ធ្នាប់ឃាត់ទាន់ ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ អត់ពាក់អាវ បានធ្វើដំណើរឡើងស្ពាន ដោយទឹកមុខស្រងូតស្រង៉ាត់ តោងបង្កាន់ដៃស្ពានប្រុងលោតទឹកដែរ ប៉ុន្តែបុរសរូបនោះហាក់ដូចជាពុំដាច់ចិត្តនោះទេ ។ បន្ទាប់ពីឃាត់ខ្លួន នគរបាលក៍បាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ស្រះចក និងណែនាំ កុំអោយគិតខ្លី រួចអោយត្រឡប់ទៅផ្ទះវិញ ។
នៅពេលដំណាលគ្នានោះដែរ នៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី២៥ កក្កដា មានបុរសម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងមកលោតទឹកពីលើស្ពានជ្រោយចង្វារដែរ តែ នៅខាងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ប៉ុន្តែមិនទាន់បានលោតផង ត្រូវបាននគរបាលឃាត់ខ្លួន ដើម្បីសួរនាំ។
បុរសរូបនោះឈ្មោះលី សុវណ្ណយុទ្ធ អាយុ៣៧ឆ្នាំ ជាជាងរថយន្ត មានលំនៅម្តុំចំការដូង ក្នុង សង្កាត់ដង្ហោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីបុរសរូបនោះបានប្រាប់អោយដឹងថា មូលហេតុដែលធ្វើអោយគាត់គិតខ្លី មកលោតទឹកពីលើស្ពានជ្រោយចង្វារបែបនេះ ព្រោះរឿងស្នេហា ដោយសារគាត់តូចចិត្តខ្លួនឯង ដែលបានស្រឡាញ់នារីម្នាក់ធ្វើការតាមហាងពេលរាត្រីប្រមាណកន្លះឆ្នាំមកហើយ និងរស់នៅជាមួយគ្នា ដោយនារីនោះមានផ្ទៃពោះ១ខែ ប៉ុន្តែត្រូវបានឪពុកម្ដាយរបស់គាត់មិនពេញចិត្ត មិនទទួលស្គាល់ ទើបធ្វើឲ្យគាត់ខូចចិត្តក៍ជិះម៉ូតូពីសង្កាត់ដង្កោ ខណ្ឌដង្កោ មកលោតទឹកតែម្តង។
បន្ទាប់ពីឃាត់ខ្លួន សាកសួររួច នគរបាលប៉ុស្តិ៍ជ្រោយចង្វារក៍បានណែនាំកុំអោយគិតខ្លី ហើយទាក់ទងទៅបងប្អូនឱ្យមកនាំយកត្រឡប់ទៅផ្ទះវិញ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព