ប្រទេសអាល្លឺម៉ង់ ៖ យោងតាមវេបសាយ FOCUS ONLINE ដែលដកស្រង់សម្ដីប៉ូលិសថា យន្តហោះធុនតូច១គ្រឿង បានធ្លាក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ទៅលើអគារមួយនៅអាល្លឺម៉ង់ បណ្ដាលឲ្យមនុស្សបាត់បង់ជីវិតយ៉ាងតិច៣នាក់ ហើយកុមារម្នាក់រងរបួស។
ចំណែកកាសែតអាល្លឺម៉ង់ FRANKFURTER ALLGEMEINE ZEITUNG រៀបរាប់ពីមនុស្សបាត់បង់ជីវិត២នាក់ និងរបួស២នាក់។ ប៉ូលិស និងក្រុមអ្នកពន្លត់ភ្លើង បានធ្វើប្រតិបត្តិការជួយសង្គ្រោះ និងពន្លត់ភ្លើង។ យន្តហោះនោះហាក់ដូចជាធ្លាក់លើដំបូលអគារ ហើយក៏មានភ្លើងឆាបឆេះរាលដាលតែម្តង។
FOCUS ONLINE រាយការណ៍ថា ប៉ូលិសបានរកឃើញឆ័ត្រមួយនៅជិតកន្លែងយន្តហោះធ្លាក់។ ប៉ូលិសសន្មត់ថា ឆ័ត្រនោះ ជាហ្វ្រាំងបន្ទាន់របស់យន្តហោះ។ យន្តហោះនេះហោះចេញពីទីក្រុងMARLមក។ អគារដែលត្រូវយន្តហោះធ្លាក់លើ គឺស្ថិតក្នុងទីក្រុង WESEL ចម្ងាយជិត៦០គីឡូម៉ែត្រខាងជើងទីក្រុង DUSSELDORF ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព