ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀងមួយចំនួនក្នុងស្រុកម៉ាឡៃ សង្ស័យសមត្ថកិច្ចឃុបឃិតគ្នាជាមួយឈ្មួញខ្មែរ-ថៃដឹកទំនិញឆ្លងកាត់ព្រំដែនខណៈច្រកតំបន់បើកហើយ ច្រករបៀងចំនួន២ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ គឺច្រករបៀងសាឡងខង ឬហៅច្រកកោះស្នួល និងច្រករបៀងបន្ទាយទី១ មានប្រភពថាមានការនាំចូលគោនិងជ្រូកនិងទំនិញផ្សេងៗពីប្រទេសថៃទាំងយប់ទាំងថ្ងៃ។ ផ្លូវចូលច្រករបៀងបន្ទាយទី១ស្ថិតក្នុងភូមិបន្ទាយទី១ទំនងមានអាថ៍កំបាំងអ្វីព្រោះមានបិទទ្វាររបងស័ង្កសី២ជាន់ ប៉ុន្តែជិតមាត់អូរព្រំដែនគេឃើញឈ្មួញយករថយន្តធំចូលទៅដឹកគោនៅទីនោះខណៈប្រភពថាច្រករបៀងមួយនេះមានកាលួចនាំចូលទំនិញផ្សេងៗពេលយប់ទៀតផង។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តប្រាប់តាមទូរស័ព្ទថាគោដែលនាំចូលតាមច្រករបៀងខាងលើជារបស់ក្រុមហ៊ុនតាក់សេង វណ្ណាគ្រុប មានច្បាប់ត្រឹមត្រូវនិងនាំចូលម្តងម្កាលតែប៉ុណ្ណោះគ្រាន់តែខុសច្រកដែលត្រូវនាំចូលពីថៃ។ គេឆ្ងល់ថាបើជារបស់មានច្បាប់ហេតុអ្វីក្រុមហ៊ុននេះមិននាំចូលតាមច្រកតំបន់ម៉ាឡៃ ព្រោះភាគីទាំង២ខ្មែរថៃបើកដំណើរការហើយម្យ៉ាងជ្រូកនាំចូលពីថៃតាមច្រកតំបន់មួយនេះមួយថ្ងៃៗ៣០០ទៅ៤០០ក្បាលតាមតម្រូវកាលើទីផ្សារ។
ដោយឡែកច្រករបៀងសាឡងខង ឬច្រកកោះស្នួលឈ្មួញថៃដឹកជ្រូក២រថយន្តមកចតខាងដីគេចាំឈ្មួញខ្មែរទទួលហើយមានប្រភពពីអ្នកស្រុកនិងមន្ត្រីជំនាញបង្ហើបថា ច្រកមួយនេះលួចនាំចូលទំនិញនិងជ្រូកពីថៃខុសច្បាប់ញឹកញាប់ និងត្រូវមន្ត្រីជំនាញស្ទាក់ចាប់បាន៥ទៅ៦លើកមកហើយដែរក្រោយដឹកចេញពីច្ររបៀងនេះ ។ ផ្លូវចូលច្រករបៀងខាងលើគេធ្វើទ្វារសំណាញ់ដែក២ជាន់និងបារ៉ាស់១សរុប៣ជាន់តែពេលចូលដល់ចំណុចឈរជើងរបស់សមត្ថកិច្ច បែរជាមានឈ្មួញថៃចូលមកដីខ្មែរអង្គុយកត់មុខទំនិញយ៉ាងរំភើយ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តប្រាប់ថាកន្លងមកខាងលោកបានធ្វើការចាប់រថយន្តដឹកជ្រូក៦លើកហើយពេលសាកសួរក្រុមអ្នកបើកបររថយន្តដឹកជ្រូកប្រាប់ថា ជ្រូកដែលពួកគេដឹកគឺនាំចូលពីថៃតាមច្រករបៀងសាឡងខងឬច្រកកោះស្នូល ។
ច្រករបៀងបន្ទាយទី១មិនឃើញមានសមត្ថកិច្ចទេ ដោយឡែកច្រករបៀងសាឡងខងទៅដំបូងមានតែឈ្មួញថៃអង្គុយកត់មុខទំនិញចំណុចឈរជើងរបស់សមត្ថកិច្ច ហើយមានកម្មករកំពុងលីទំនិញឆ្លងស្ពានឈើ ដោយឡែករថយន្តដឹកជ្រូករបស់ថៃចតខាងដីគេព្រោងព្រៀតរងចាំឡានខ្មែរ ។ នៅពេលសាកសួរ កម្មករថា ជ្រូក១ក្បាលបានថ្លៃសែងឆ្លងព្រំដែន ទទួលបានកម្រៃ៦០០០រៀល ។
អ្នកសារព័ត៌មានយើង មិនអាចរកការបំភ្លឺលម្អិតពីក្រុមសមត្ថកិច្ចឈរជើងច្រករបៀងទាំង២ឡើយដោយច្រករបៀងបន្ទាយទី១ឃើញមានតែរថយន្តដឹកគោតែគ្មានសមត្ថកិច្ចប្រចាំការ ខណៈច្រករបៀងសាឡងខងឬហៅច្រកកោះស្នួល ក្រុមយោធាហាក់ខឹងនិងអ្នកយកព័ត៍មានចូលទៅផ្តិតយករូបភាពតែបណ្តោយឲ្យជនជាតិថៃចូលមកអង្គុយកត់មុខទំនិញលើដីខ្មែរទៅវិញ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព