Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​គ្រួសារ​មួយ​ហូប​បាយ​ជាមួយ​ទឹក​ជំនួស​សម្ល

ខេត្ត​កណ្តាល ​៖ ពេល​ខ្លះ​មាន​បាយ គ្មាន​ម្ហូប មាន​តែ​អំបិល ហើយ ពេល​ខ្លះ ហូប​បាយ​ជាមួយ​ទឹក​ក៏​មាន ដោយសារ តែ​រក​លុយ​ចិញ្ចឹមជីវិត​មិន​បាន​ព្រោះតែ​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​ធ្វើ​អោយ​បាត់បង់​ការងារ​។

នេះ​ជា​ស្ថានភាព​អត់ឃ្លាន​របស់​គ្រួសារ​មួយ​នៅ​ក្នុងភូមិ​អន្លង់​តា​សេក​លើក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​ដែល​ធ្លាប់​រក​ចំណូល​ដោយសារ​លក់​កម្លាំង​ពលកម្ម​បាន​ចំណូល​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​។ ប៉ុន្តែ​កូ​វី​ដ​បាន​ធ្វើ​អោយ​គ្រួសារ​មួយ​នេះ​បាន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​កាន់តែ​ខ្លាំង​។

អ្នកស្រី​ប៉ៃ ច្រិ​ប ដែល​មាន​សម្បុរ​ខ្មៅ ស្លៀកសំពត់​មាន​ផ្ការ​ធំ​ៗ ហាក់​មិនសូវ​មាន​កម្លាំង​ក្នុង​ខ្លួន​នោះ​ឡើយ ។ គាត់​បាន​រៀបរាប់​ពី​ស្ថានភាព​លំបាក​របស់​គ្រួសារ​គាត់​នៅ​ក្រោមផ្ទះ ដែល​ប្រក​ស័ង្កសី តូច​មួយ​ខ្នង ធ្វើ​ពី ដើម​ត្នោត ថា ប្តី​ប្រពន្ធ​របស់​គាត់​ជា​កម្មករ​ដើរ​លក់​កម្លាំង​ឲ្យ​គេ​មិន​រើសមុខ​របរ​ទេ ។ ពេល​ខ្លះ​គេ​ជួល ឲ្យ​បេះ​ស្វាយ ពេល​ខ្លះ​គេ​ជួយ​ឲ្យ​ចាំ​ច​ម្លា​រ ជម្រះ​ស្មៅ និង​ប្រមូល​ផលដំណាំ​ផ្សេង​ៗ ទៀត​ដែល អ្នកស្រុក ដាំ​ដុះ​។ បើ​មានការ​ងារ គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​អាច​រក​ចំណូល​បាន​៤​ទៅ​៥​ម៉ឺន​រៀល​។

ស្ត្រី​ដែល​មានកូន​បី​នាក់​រូប​នេះ បាន​ត្អូញត្អែរ​ថា ជា​អកុសល​ចាប់ពី​ដើមឆ្នាំ​២០២០ ជីវភាព​គ្រួសារ របស់​គាត់ កាន់តែ​លំបាក​ខ្លាំង ដោយសារ​ខ្លួន​គាត់​ធ្លាក់ខ្លួន​ឈឺ​ដោយ​បាន​ធ្វើការ​វះកាត់​ពោះវៀន ចំណែក​ប្តី​មិនសូវ​មានការ​ងារ​ធ្វើ​ទេ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ អ្នកស្រី​បាន​ពោល​ក្នុង​សម្តី​មួយ​ៗ​ថា តាំងពី​ដើមខែ​កុម្ភៈ​មក អ្នក​ភូមិ​ជា​ច្រើន​រក​ចំណូល​មិន​បាន​ទេ ដូច្នេះ​ការងារ​ខ្លះ​គេ​ធ្វើខ្លួន គេ​មិន​ជួល​កម្លាំង ផ្សេង​ឡើយ ដោយសារ​ពួក​គេ​មិន​ចង់​ឲ្យ​មាន​មនុស្ស​ផ្សេង ក្រៅពី​សមាជិកគ្រួសារ គេ​ចូល​ទៅ​ជិត គ្រួសារ​គេ​ផង និង​ចង​សន្សំ​ថវិកា​លើ​ការ​ចំណាយ​ខ្លះ​ដែរ ពីព្រោះ​គេ​យល់​ថា​ជំងឺ​កូ​វី​ដ​១៩​នោះ ធ្វើ​ឲ្យ សេដ្ឋកិច្ច​គ្រួសារ​គេ​ធ្លាក់​ចុះ​ដែរ​។

អ្នកស្រី ប៉ៃ ច្រិ​ប និយាយ​បន្ត​ថា «​ប្តី​ខ្ញុំ​ចេញ​ទៅ​រក​ការងារ​ធ្វើ ដោយពេល​ខ្លះ​ធ្វើការ​មួយ ថ្ងៃ​អត់​ការងារ ធ្វើ​បី​ថ្ងៃ​។ ប្រាក់​រកបាន​៣​ម៉ឺន​រៀល ត្រូវ​ទិញ​អង្ករ​ផង ទិញ​ម្ហូប​ផង​។ យើង​ធ្លាប់​ហូប​មួយ ថ្ងៃ​អស់​អង្ករ ជិត​២​គីឡូក្រាម មក​ហូ​ម​ត្បិតត្បៀត​ឲ្យ​តែ​រស់​ប៉ុណ្ណោះ​។ ពេល​ខ្លះ មាន​ម្ហូប ប៉ុន្តែ ច្រើន​ថ្ងៃ ណាស់​ដែល​យើង​គ្មាន​ម្ហូប​ឡើយ មាន​តែ​អំបិល ឬ​ទឹក​ប៉ុណ្ណោះ​»។

ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា «មាន​ច្រើន​ថ្ងៃ​ដែល​យើង​បាន យក​ទឹក​ធ្វើ​ទឹក​សម្ល ធ្វើ​ម្ហូប ហូប​ជាមួយ​បាយ»។

គ្រួសារ​អ្នកស្រី ប៉ៃ ច្រិ​ប ត្រូវ​បាន​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​សមធម៌​ជា​គ្រួសារ​ក្រីក្រ​ដើម្បី​ទទួល​បាន ប្រាក់​ឧ​ត្ថ​ម្ភ​ពីរ ដ្ឋា​ភិ​បាល នៅ​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ​។ គ្រួសារ​គាត់​ត្រូវ​បាន​អាជ្ញាធរ​វាយតម្លៃ​ថា​ជា​អ្នកក្រ ប្រភេទ ក្រ​២​។ កាលពី​ពាក់​ចុងខែ​មិថុនា​នេះ គាត់​បាន​បើកប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ បាន​ចំនួន​១៦​ម៉ឺន​រៀល​។ ថវិការ​ថវិកា​ដែល​ទទួល​បាន​នោះ​អ្នកស្រី​ហៅ​ថា​ជា​ជំនួយ​បន្ទាន់​។

មក​ដល់​ត្រង់នេះ អ្នកស្រី ប៉ៃ ច្រិ​ប ហាក់​មាន​ស្នាម​ញ​ញឺ​ម​នៅ​លើ​ផ្ទៃមុខ​បន្តិច ហើយ គាត់​និយាយ​ថា «យើង​ពិតជា​រីករាយ​ជាមួយ​ជំនួយ​បន្ទាន់​នេះ ខ្ញុំ​មាន​សម្ល​ម្ជួ​រ សម្លប្រហើរ​ហូប មានទឹក​សម្ល​សម្រាប់ ហុត​ប្រសើរ​ជាង​ហូប​ទឹកសាប ឆ្ងាយ​ណាស់​»។

គ្រួសារ​របស់​អ្នកស្រី ប៉ៃ ច្រិ​ប ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ក្រីក្រ​ជាង​ច្រើន​ទៀត​កំពុង ប្រឈម​មុខ ខ្លាំង​នឹង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ដោយសារ​តែ​កូ​វី​ដ​១៩​ដែល​ពេល​នេះ​កម្ពុជា​បាន​រក​ឃើញ​ចំនួន​ជាង​២២០​ករណី ខ​ណះ​ដែល​ជំងឺ​ដ៏​សាហាវ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជិត​១៦​លាន​នាក់ និង​សម្លាប់​មនុស្ស ជាង​៦៤​ម៉ឺន​នាក់​នៅ​ក្នុង​ទូ​ទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ខែកក្កដា ព្រមទាំង​រុញច្រាន សេដ្ឋកិច្ច​ពិភព លោក​អោយ​ធ្លាក់​ក្នុង​វិបត្តិ​។

ជំងឺ​កូ​វី​ដ​១៩ ដែល​កើតជា​សកល បាន​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ ពលរដ្ឋ កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដោយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​សំខាន់​ៗ​ដែល​ជា​ជ​ន្ទ​ល់ សេដ្ឋកិច្ចជាតិ​ដូច ជា​វិស័យ​ទេសចរណ៍​និង​វិស័យ​កាត់ដេរ​ជាដើម​។ ពលរដ្ឋ​ដែល​ក្រីក្រ រក​មួយ​ថ្ងៃ​សម្រាប់​ហូប​មួយ​ថ្ងៃ ហាក់​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ ជាង​ពលរដ្ឋ​ផ្សេង​ទៀត​។

ខ​ណះ​ដែល​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ​និង​អត់ឃ្លាន​នោះ រដ្ឋាភិបាល ក៏​ចាត់ វិធានការ​នានា​ដើម្បី​ធានា​ថា​នឹង​មិន​មាន​អ្នក​ដាច់​ពោះ​ស្លាប់​ដោយសារ​អត់បាយ​ឡើយ​។ នេះ​ជា​ឆ​ន្ទ្ះ​មោះមុត​ប្រកាស​ដោយ​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញ​ថា​ពលរដ្ឋ​ប្រមាណ​ជា​៦១​ម៉ឺន​គ្រួសារ​នៅ​ទូទៅ​ប្រទេស ជា​ពលរដ្ឋ​ក្រី ក្រ​ងាយ​រង​គ្រោះ​ពី​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស កាលពី​ថ្ងៃ​ទី​២១ ខែ​កក្ក​តា​ថា​បាន​រក​ឃើញ​គ្រួសារ​ក្រីក្រ​ថ្មី​ទៀត​ចំនួន​ប្រាំ​ម៉ឺន គ្រួសារ​។

ពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​ផ្តល់​ប័ណ្ណ​សមធម៌​ឲ្យ​ដើម្បី​ទទួល​បាន​ជំនួយ​។ រដ្ឋាភិបាល​បាន​បែងចែក ប្រភេទ​ក្រីក្រ​របស់​ពលរដ្ឋ​ជា​ពីរ គឺ​ក្រ​១​និង​ក្រ​២​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៤​មិថុនា​បាន​ប្រកាស​ជា​ផ្លូវការ​ពី​កម្មវិធី ឧបត្ថម្ភ​សាច់ ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋ​បាន​បញ្ចេញ សាច់ប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ សម្រាប់​ការ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​មាន​ប្រមាណ ៥៦​ម៉ឺន​គ្រួសារ​នោះ នៅ​ក្នុង​ដំណាក់កាល​ទី​១​។

ដំណាក់កាល​ទី​២ និង​បន្តបន្ទាប់ ត្រូវ​បាន​អនុវត្ត​រហូត​ដល់​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្រាល​ហើយ​ស្ថាន ការណ៍​នឹង​វិល​ទៅ​សភាព​ដើម​នោះ​។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា “​រដ្ឋាភិបាល​នឹង​មិន​ទុក ចោល​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​មិន​បានដឹង​និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​”​។

ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​បាន​បញ្ជាក់​ពី ចំនួន​ទឹកប្រាក់​ត្រូវ​ផ្តល់ ជូន​ក្នុង​មួយ​ខែ​ចន្លោះ​ពី ១៦ ០០០​រៀល ទៅ​ដល់ ១២០ ០០០​រៀល សម្រាប់​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​។ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​នេះ ត្រូវ​បូក​បញ្ចូល​ចំនួន​សមាជិកគ្រួសារ​ទៀត​។

គ្រួសារ​ដែល​មាន​ចំនួន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​និង​អ្នក​ផ្ទុក​ជំងឺអេដស៍​នឹង​ទទួល​បាន​ប្រាក់​ឧ​ត្ថ​ម្ភ​កាន់​ច្រើន​។

មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ជា​ជា​ទូទៅ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួល​បាន​ប្រាក់​ពី​១០០​ដុល្លារ​ឡើង​ទៅ​។

លោក​ឆាយ ថន រដ្ឋមន្ត្រី​ផែនការ ក្រសួង​ដែល​មាន​ភារកិច្ច​ចុះ​ធ្វើ​សម្ភាស​ពលរដ្ឋ​ក្រីក្រ​បាន​ឲ្យ​ដឹង ថា ពលរដ្ឋ​ជា​ច្រើន​បាន​ចេញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ដោយ​ក្តី​រី​កា​រាយ​។

លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ការ​ឧបត្ថម្ភ​ថវិកា​ដំណាក់កាល​ទី​១ បញ្ចប់ ការ​ផ្តល់​ថវិកា​ជុំ ទី​២ នឹង​បន្ត​។ ដំណាក់កាល​ទី​២​ផ្តើម​ចាប់ពី​ថ្ងៃ​២៥​ក្ក​ដា​នេះ​ទៅ​។

រដ្ឋមន្ត្រី​ក្រសួងផែនការ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​គិត​ថា​ក្រីក្រ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​សម្ភាសន៍ នៅ​តាម​ឃុំ​សង្កាត់ ដែល​ខ្លួន​រស់នៅ​ជា​អចិន្ត្រៃយ៍ ដើម្បី​ឲ្យ​មន្ត្រី​សម្ភាស​វាយតម្លៃ ក្នុង​ការ​ផ្តល់ ប័ណ្ណ​សមធម៌​។

អ្នកស្រី ប៉ៃ ច្រិ​ប ពលរដ្ឋ​ក្រីក្រ ដែល​ទទួល​បាន​ប្រាក​ឧបត្ថម្ភ​ជុំ​ទី​១ នៅ​តែ​មាន​សង្ឃឹមថា គាត់​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ​នៅ​ជុំ​ទី​២​ទៀត ត្បិត​អី​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​ជះ​ឥទ្ធិពល ដល​ការ​លក់​កម្លាំង​ពលកម្ម​ប្តី​របស់​គាត់​។ អ្នកស្រី​បញ្ជាក់​ថា ថវិកា​ទាំង​១៦​ម៉ឺន​រៀល ដែល​បានក្រៅពី​អ្នកស្រី​បាន​យក​ទៅ​ទ្រទ្រង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ អ្នកស្រី​មាន​បន្ទុក​ផ្គត់ផ្គង់​ថែទាំ ចៅ​តូច​ៗ របស់​ខ្លួន ដោយសារ​ឪពុក​ម្តាយ​របស់​គេ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​នោះ​ដែរ​។

អ្នកស្រី និយាយ​ថា មុន​ពេល​ទ​ទូល​ជំនួយ អ្នកស្រី​ភ័យ​ខ្លាច​ភាព​អត់ឃ្លាន ជាង​ការ​ភ័យ ខ្លាច​ស្លាប់​ដោយ​កូ​វី​ដ​១៩​។ ប៉ុន្តែ​ពេល​នេះ​រដ្ឋាភិបាល​បាន​ចេញ​មុខ​ជួយ ដូច្នេះ​ខ្ញុំ​មិន​ភ័យ​ខ្លាច​ស្លាប់ ដោយសារ​ការ​អត់ឃ្លាន​ទៀត​ទេ ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9527181