មានគ្រួសារអ្នកមានមួយដែលមានសមាជិក៣នាក់។មានឪពុកម្តាយនិងកូនប្រុសរបស់ពួកគេដែលស្ថិតនៅជាទារកនៅឡើយ។គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះនៅក្នុងជីវិតរបស់ពួកគេលើកលែងតែរឿងម៉្យាងប៉ុណ្ណោះ… គឺកូនប្រុសរបស់ពួកគេ។កូនប្រុសរបស់ពួកគេមានរូបរាងអាក្រក់តាំងពីកំណើតដូច្នោះគ្រប់គ្នាតែងតែភ័យខ្លាចចំពោះក្មេងម្នាក់នេះ។ក្មេងប្រុសប្រែក្លាយទៅជាអាក្រក់ទៅៗធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍មិនល្អនៅពេលជួបមុខវា។អ្នករាល់គ្នានាំគ្នានិយាយទិះតៀនដាក់ឪពុកម្តាយរបស់ក្មេងនោះថាពួកគេគ្មានចិត្តស្រលាញ់ក្មេងនោះសូម្បីតែបន្តិច។
ថ្ងៃមួយឪពុកម្តាយក្មេងនោះសម្រេចចិត្តទៅកាន់ច្រាំងសមុទ្រដែលនៅគែមផ្លូវរួចទម្លាក់ក្មេងប្រុសនោះចោលទៅក្នុងសមុទ្រដ៏ជ្រៅដោយសារតែពួកគេមានភាពអៀនខ្មាស់និងមិនអាចប្រឈមមុខនឹងបញ្ហាដែលកើតឡើងដោយសារតែកូនប្រុសពួកគេទៀតឡើយ។
បន្ទាប់ពីកូនប្រុសស្លាប់ហើយពួកគេមិនអាចគេចវេសការពិតបានទេដែលថាពួកគេគឺជាអ្នកសម្លាប់កូនខ្លួនឯង។ដូច្នេះពួកគេក៏សម្រេចចិត្តយកកូនម្នាក់ទៀត។
៩ខែក្រោយមកពួកគេក៏បង្កើតបានកូនប្រុសម្នាក់ទៀតដែលរូបរាងស្រស់ស្អាតគ្មានចន្លោះ។
ពួកគេសប្បាយរីករាយជាខ្លាំងដោយសារតែទីបំផុតពួកគេមានកូនដែលស្រស់ស្អាតដើម្បីយកទៅបង្អួតប្រាប់មិត្តភក្តិនិងក្រុមគ្រួសារ។ច្រើនឆ្នាំកន្លងផុតទៅក្មេងប្រុសនោះបានរីកធំធាត់ក្លាយជាក្មេងម្នាក់ដែលឈ្លៀសវៃនិងមានសុខភាពល្អ។
នៅថ្ងៃមួយម្តាយឪពុកវាសំរេចចិត្តនាំវាទៅថតរូបជាលក្ខណៈគ្រួសារនៅជិតច្រាំងសមុទ្រ។នៅពេលដែលពួកគេចុះពីលើឡានភ្លាមក្មេងនោះបានដើរទៅចាប់ដៃប៉ាម៉ាក់របស់វារួចហើយសួរថា«តើប៉ាម៉ាក់នឹងមិនបោះខ្ញុំទៅខាងក្រោមដូចកាលពីមុនទេមែនទេ?»