ខេត្តបន្ទាយមានជ័យ៖ ក្រោយពេលសម្លេងដួលម៉ូតូប្រាវ ស្ត្រីម្នាក់ស្ទុះស្ទារងើបឡើងស្រវ៉ាចាប់កូន និងដង្ហោយហៅគេឯងជួយ ដោយស្រែកឆោឡោថា «ជួយផងៗចោរឆក់កាបូបហើយ» តែពួកចោរគេចទៅបាត់ដោយសុវត្ថិភាព ព្រោះទីកន្លែងកើតហេតុ គឺជាផ្លូវស្ងាត់គ្មានផ្ទះអ្នកស្រុកនោះទេ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ាងជាង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ នាង ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ចំណែកកូនស្រីតូចទើបអាយុជាង១ខួប។
សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកឃ្លីក សេរីឆ្នាំ២០២០ មកពីទិសខាងជើង លុះដល់ចំណុចកើតហេតុ ក៏ត្រូវក្រុមចោរ២នាក់ជិះម៉ូតូស្របទិសគ្នាមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបប្រាក់យកទៅបាត់តែម្តង ខណៈខ្សែកាបូបដាច់ជ្រុះនៅចំណុចកើតហេតុ។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍នោះ ស្ត្រីរងគ្រោះបានដួលមូតូជាមួយកូនស្រីតូចអាយុជាង១ខួប ស្រែកយំទាំងម្តាយ និងទាំងកូន ហើយអះអាងថា ក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះ គឺមានប្រាក់ជិត២លានរៀល, ទូរស័ព្ទម៉ាកអាហ្វូន១១ប្រូ តម្លៃ១២០០ដុល្លារ១គ្រឿង, ខ្សែដៃ ខ្សែ.កកូនតម្លៃប្រហែល១ម៉ឺនបាត និងលិខិតឆ្លងដែន១ ព្រមទាំងឯកសារផ្សេងៗមួយចំនួនទៀត។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីខាងលើនេះ ជនរងគ្រោះបានត្រឹមតែស្រែកឆោឡោ និងទ្រហោយំតែប៉ុណ្ណោះ ចំណែកក្រុមចោរបានជិះម៉ូតូរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភាព ព្រោះតែកន្លែងកើតហេតុនោះជាជាកន្លែងស្ងាត់ គ្មានផ្ទះអ្នកស្រុកនោះទេ។
ក្រោយពេលកើតហេតុ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីសាកសួរជនរងគ្រោះ ក្រែងលោបានតម្រុយមុខសញ្ញាជនសង្ស័យ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលភាគីថៃ បានបិទព្រំដែន ដោយសារតែមេរោគកូវីដ១៩ នោះ គឺករណីចោរកម្មហាក់កើតមានជាបន្តបន្ទាប់ ជាពិសេសករណីលួច ឆក់ និងគាស់ផ្ទះយកទ្រព្យសម្បត្តិជាដើម៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព