ខេត្តកំពត ៖ មានករណីជនសង្ស័យមួយក្រុមមានគ្នាចំនួន៦នាក់បានធ្វើសកម្មភាពយកដាវសាម៉ូរ៉ៃកាប់ទៅលើយុវជនម្នាក់បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងអង្គុយនិយាយគ្នាលេងជាមួយមិត្តភក្តិ ។ ពាក់ព័ន្ធករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថាជារឿងគំនុំ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសំណាក់វិសាល តាមបណ្តោយផ្លូវជាតិលេខ៣៣ ភូមិកំពង់ត្រាច ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ជនរងគ្រោះឈ្មោះភួង យ៉ាំង ភេទប្រុស អាយុ២០ឆាំ្ន ជាភ្នាក់ងារធនាគារមួយកន្លែង ដែលបម្រើការងារនៅស្នាក់ការម្តុំផ្សារស្រុកកំពង់ត្រាច ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះកំពុងតែអង្គុយនិយាយគ្នាលេងជាមួយមិត្តភក្ក័ម្នាក់ទៀតនៅមុខផ្ទះសំណាក់ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ស្រាប់តែមានមនុស្ស៦នាក់ជិះម៉ូតូ៣គ្រឿងដោយមានកាន់ដាវសាម៉ូរ៉ៃគ្រប់ដៃកាប់បានធ្វើសកម្មភាពទៅលើជនរងគ្រោះ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមិត្តភក្ក័ម្នាក់ទៀតឈ្មោះហុំ ពិសិដ្ឋ បានរត់គេចខ្លួនរួច ។ បន្ទាប់ពីកើតហេតុ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។
យោងតាមការអោយដឹងពីមន្ត្រីនគរបាលបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីខាងលើនេះគឺជារឿងគំនុំ ។
ក្រោយពេលកើតហេតុ នគរបាលកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី ៕ ត្នោត