ខេត្តសៀមរាបដើមឆ្នាំ២០១៦…
ខ្ញុំអង្គុយចុចFacebook អូសចុះឡើងៗកំដរភាពអផ្សុក។ក្នុងFacebook ដូចជាគ្មានអីពិសេសដើម្បីកម្សាន្តអារម្មណ៍សោះក្រៅពីpost រូបខ្លួនឯងក៏គ្រោះថ្នាក់ចរាចរណ៍ពិតជាគួរឱ្យធុញទ្រាន់ជាទីបំផុត។ហាងបង្អែមខ្ញុំយប់នេះដូចជាស្ងាត់គ្មាននរណាមករកច្រាស់ច្រំអីដូចរាល់ដងសោះមែនហើយលក់មិនដាច់ក៏ល្អដែរកុំឱ្យហត់ផង។ យប់កាន់តែជ្រៅដោយតាមផ្លូវមានសភាពស្ងប់ស្ងាត់ពេកធ្វើឱ្យខ្ញុំកើតអារម្មណ៍ព្រឺយ៉ាងចម្លែក។ជាស្រីស្អាតផងបើនរណាដើរមកចាប់រំលោភទៅគិតម៉េច? ^_^ គិតផ្ដេសផ្ដាសពេកហើយខ្ញុំ។ខ្ញុំអូសFacebook មើលព័ត៌មានក្នុងស្រុកនានាស្រាប់តែឃើញព័ត៌មានដ៏គួរឱ្យព្រឺមួយ។
ក្នុងព័ត៌មានទាន់ហេតុការណ៍ក្ដៅៗនោះសរសេរថាមានគេប្រទះឃើញសាកសពមនុស្សស្រីម្នាក់ក្នុងផ្ទះសំណាក់ហើយអ្វីដែលគួរឱ្យខ្លាចបំផុតនោះ, សាកសពនោះមិនមានក្បាលទេគឺក្បាលស្ត្រីនោះត្រូវឃាតករកាត់ហើយយកចេញទៅក្រៅបាត់។ប៉ូលីសកំពុងតែស្វែងរកចាប់ឃាតករគឺជាតករដែលយកក្បាលស្ត្រីនោះទៅជាមួយនោះ។ខ្ញុំខ្លាចជាខ្លាំង។មនុស្សយើងអីឡូវសាហាវដល់ម្លឹងផងណ៎? សម្លាប់ហើយកាត់ក្បាលយកទៅជាមួយទៀតពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់។ខ្ញុំងាកមើលជុំវិញនៅតាមផ្លូវស្ងាត់ឈឹងគ្មានចរាចរណ៍គ្មានឡានម៉ូតូគ្មានអ្នកដំណើរដើរកាត់សោះតែម្ដង។
ខ្ញុំបម្រុងនឹងបិទតូបបង្អែមនេះទៅហើយស្រាប់តែមានបុរសម្នាក់ដើរចូលមកដោយមានយួរថង់ខ្មៅមួយមកជាមួយផង។ គាត់ដាក់ថង់ខ្មៅលើតុហើយសម្លឹងមុខខ្ញុំ។ ខ្ញុំមិនអាចមើលមុខគាត់ឃើញទេព្រោះគាត់ពាក់ម៉ាស់ជិតឃើញតែរង្វង់ភ្នែកយ៉ាងកំណាចគួរឱ្យខ្លាច។ គាត់អង្គុយចុះលើកៅអីជ័រមួយដោយមិនមាត់សូម្បីតែមួយម៉ាត់។បន្ទាប់មក, គាត់ដើរទៅបើកធុងទឹកកករបស់ខ្ញុំរួចយកភេស្ជជៈប៉ូវកម្លាំងមួយកំប៉ុងមកផឹក។ ក្នុងពេលនោះ, ខ្ញុំគ្រាន់តែអង្គុយស្ងៀមដោយខ្លាចមិនហ៊ាននិយាយជាមួយគាត់។អស់មួយសន្ទុះក្រោយ, បុរសនោះងើបឡើងហើយនិយាយមកកាន់ខ្ញុំ, «មួយកំប៉ុងនេះថ្លៃប៉ុន្មាន?»
«ចាអស់២៥០០៛,» ខ្ញុំតប។គាត់ទាញលុយពីកាបូបហុចឱ្យខ្ញុំហើយដើរចេញទៅព្រមទាំងនិយាយថា, «ខ្ញុំផ្ញើថង់ខ្មៅនេះសិនតិចទៀតមកយក។» ហើយក៏ដើរចេញពីទីនេះទៅយ៉ាងឆ្ងាយរហូតដល់ខ្ញុំលែងមើលគាត់ឃើញ។មានក្លិនស្អុយបានបង្ហើរមកប៉ះនឹងច្រមុះខ្ញុំ។ខ្ញុំសម្លឹងមើលទៅថង់ខ្មៅដែលចងមាត់ជាប់នោះ, ក្នុងថង់នោះមានដាក់អ្វីម្យ៉ាងដូចជា…ដូចជា…
ក្លិនស្អុយបានជះមកម្ដងទៀតធ្វើឱ្យខ្ញុំដឹងថាវាចេញមកពីថង់ខ្មៅនោះ។ខ្ញុំព្រឺសម្បុរយ៉ាងខ្លាំងហើយចាប់ផ្ដើមព្រួយ។ខ្ញុំភ័យណាស់, ប្រសិនបើបុរសនោះជាឃាតករដែលកាត់ក្បាលគេច្រកដាក់ថង់ខ្មៅនេះ? ខ្ញុំប្រញាប់យកទូរស័ព្ទតេទៅប៉ូលីសភ្លាមៗទាំងអារម្មណ៍រន្ធត់។ខណៈពេលរង់ចាំប៉ូលីសមកដល់, ក្លិនស្អុយដែលចេញពីថង់ខ្មៅច្រកអ្វីម្យ៉ាងនោះនៅតែឈួលមក។ខ្ញុំទន្ទឹងរង់ចាំហើយបួងសួងឱ្យប៉ូលីសមកដល់មុនបុរសនោះត្រឡប់មកវិញទៅលើកអើយ។នៅតាមផ្លូវស្ងាត់ខ្លាំងណាស់, ប្រសិនបើនរណាធ្វើឃាតកម្មអ្វីមួយក៏គ្មានអ្នកដឹង។
ទីបំផុត, ប៉ូលីស២នាក់បានមកដល់។ពួកគាត់ចុះពីម៉ូតូមកហើយដើរមករកខ្ញុំ។
«ជាមុខសញ្ញាឃាតករកាត់ក្បាលស្ត្រីនោះច្បាស់ណាស់លោកប៉ូលីស,» ខ្ញុំនិយាយទៅកាន់ប៉ូលីសដោយចង្អុលទៅថង់ខ្មៅ។
ប៉ូលីសបានដើរទៅក្បែរថង់ខ្មៅនោះហើយស្រាយមាត់ថង់យ៉ាងប្រុងប្រយ័ត្ន។ហើយទីបំផុតពួកយើងបានឃើញថា, នៅក្នុងថង់ខ្មៅនោះមានស្បៃក្ដោបស្អុយរលួយមួយដុំ៕