ក្នុងចំណោមល្បែង៣ប្រការ ល្បែងមួយណាក៏វិនាសចាកប្រយោជន៍លោកនេះ និងលោកខាងមុខ ។ ល្បែងបីប្រការនោះគឺ ល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់នានា ។ ល្បែងបីប្រការនេះឱ្យផលផ្នែកខាងវិនាសទាន់ហន់ កាលបើបុគ្គលប្រព្រឹត្តមែនៗនឹងដល់នូវសេចក្តីវិនាសអន្តរាយជាក់ច្បាស់នឹងភ្នែកជាក់ជាមិនខាន ។
១-ល្បែងស្រី គឺការត្រេកត្រអាលនឹងស្រីកំណាន់ក្រៅអំពីប្រពន្ធរបស់ខ្លួន រមែងជួបនូវបញ្ហាទាស់ទែងខ្វែងគំនិតគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ ខូចកិត្តិយស មានរឿងអាស្រូវមិនចេះចប់ ហើយប្រឈមនឹងការឆ្លងជំងឺផ្សេងៗ ។
២-អ្នកសេពសុរារាល់ថ្ងៃនាំមកនូវគុណវិបត្តិដូចជា វិនាសទ្រព្យដែលមានស្រាប់ ខានប្រកបការងារផ្សេងៗ បង្កជម្លោះទាស់ទែងគ្នា និងបាត់សបង់សេចក្តីថ្លៃថ្នូរជាដើម ។
៣-ល្បែងភ្នាល់គ្រប់យ៉ាងជាហេតុនាំឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិយ៉ាងលឿនជាហេតុនាំឱ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះរលាយសាបសូន្យទាន់ហន់ ។
ព្រោះមើលឃើញទោសនៃល្បែងទាំង៣ប្រការធ្ងន់យ៉ាងនេះ ទើបលោកអ្នកប្រាជ្ញពោលថា ល្បែងស្រី ល្បែងស្រា និងល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃសេចក្តីវិនាស ។ដោយ៖ កោះសន្តិភាព