រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់គ្រប់អង្គភាពជំនាញទាំងអស់ ពិសេសមន្ទីរកសិកម្មរុក្ខាប្រមាញ់រាជធានី-ខេត្ត ត្រូវឱ្យយកចិត្តទុកដាក់គិតគូរ ទៅលើការយន្តការបច្ចេកទេស ដើម្បីធ្វើការវាយតម្លៃអំពីផលប៉ះពាល់ និងការខូចខាត ដោយគ្រោះធម្មជាតិ និងការរាតត្បាតជំងឺផ្សេងៗជាដើម។
យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា មកដល់ពេលនេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាធ្វើការដាំដុះបានចំនួន ២ ៥៤៧ ៤២០ហ.ត ស្មើនឹង ៩៨,៤៣% នៃផែនការចំនួន ២ ៥៨៨ ១៣០ហ.ត។
ជាមួយគ្នានេះដែរ ក្រសួងក៏បានជំរុញដល់គ្រប់អង្គភាពជំនាញ ត្រូវយកចិត្តទុកដាក់គិតគូរទៅលើយន្តការ និងបទដ្ឋានបច្ចេកទេសគន្លឹះសំខាន់ៗ តាមការចាំបាច់ និងសហការចុះអន្តរាគមន៍ ទាន់ពេលវេលា ក្នុងការតាមដានវាយតម្លៃអំពីការប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ការរាតត្បាតដោយសត្វល្អិតចង្រៃ ការកើតជំងឺផ្សេងៗលើដំណាំកសិកម្ម ជំងឺឆ្លងសត្វ និងការត្រៀមលក្ខណៈ នៅពេលកសិករទទួលរងនូវផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ។
ជាមួយគ្នាផងដែរ ថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម ក៏បានធ្វើការជំរុញឱ្យមន្ត្រី មានការចុះត្រួតពិនិត្យ និងចាត់វិធានការជាក់ស្តែង ដើម្បីលុបបំបាត់បទល្មើសចលនាសត្វឈឺ ក្នុងតំបន់ផ្ទុះជំងឺ បទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព ព្រមទាំងសហការពង្រឹងយន្តការ គ្រប់គ្រងការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ ដោយគិតគូរជាចម្បងទៅលើគុណភាព សុវត្ថិភាព និងសុខុមាលភាពសាធារណៈ។
សូមរម្លឹកថា គិតមកដល់ខែសីហានេះ ដំណាំស្រូវនៅខេត្តចំនួន១០ បានរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរំាងស្ងួត ដោយទទួលរងផលប៉ះពាល់សរុបចំនួន១៣៤ ៥៣២ ស្មើនឹង៩,៨៤%។ តាមការវាយតម្លៃ ដំណាំស្រូវបានខូចខាតសរុបចំនួន៧ ៦៨៥ហ.ត ស្មើនឹង៥,៧១% នៃផ្ទៃដីផលប៉ះពាល់សរុប ៕ ដោយ៖ ឃួន លក្ខិណា