“ក្ដីសង្ឃឹមតែងមានជាប់ជានិច្ចសម្រាប់មនុស្សបរាជ័យ។ អ្វីៗដែលមិនទាន់លេចចេញជារូបរាងក៏វាអាចនឹងកើតមានឡើងបានដោយសារក្ដីសង្ឃឹម។ បើមានក្ដីសង្ឃឹម យើងនៅតែអាចបន្តទៅមុខទៀតបានដោយសេចក្ដីជឿជាក់ នឹងរំពឹងថាអ្វីដែលយើងប៉ងវានឹងអាចកើតមានឡើងនៅថ្ងៃណាមួយ។ យើងអាចនឹងស្លាប់ត្រឹមតែរយៈពេល១នាទីបើសិនជាយើងអស់សង្ឃឹម។”
សេចក្ដីសង្ឃឹម វាគឺជាកម្លាំងមួយដ៏សែនមានឥទ្ធិលដែលជម្រុញយើងឲ្យនៅតែមានកម្លាំងសម្រាប់បន្តដេញចាប់ក្ដីស្រមៃរបស់យើង។ បើគ្មានវាទេជីវិតយើងហាក់វិលវល់គ្មានគោលដៅ មិនដឹងថាគួរធ្វើអ្វី ដើម្បីអ្វីនោះឡើយ។ យើងមានជីវិត យើងតែមានក្ដីសង្ឃឹម ទោះជាវាអាចកើតឡើង ឬមិនកើតឡើងក៏ដោយ តែវាបានជម្រុញចិត្តយើងឲ្យតស៊ូពុះពារ ឈោងចាប់ក្ដីស្រមៃរបស់យើង។ វាប្រៀបបានជាពន្លឺដែលបំភ្លឺនៅទីងងឹតមួយអញ្ចឹង។ សេចក្ដីសង្ឃឹម ជាអ្វីដែលយើងបានគិតទុកមុនថាអាចនឹងសម្រេចបានដូចបំណង វាជាភាពកក់ក្ដៅក្នុងចិត្តទុកជាមុនរួចស្រេចបាត់ទៅហើយ។ ក្ដីសង្ឃឹមនេះហើយដែលតែងតែដាស់យើងជានិច្ចក្នុងការធ្វើអ្វីមួយ ពេលខ្លះយើងហាក់ហត់នឿយក្នុងការបន្តធ្វើវា ប៉ុន្តែស្រាប់តែក្ដីសង្ឃឹមនេះវាបានចូលមកប្រាប់យើងថា អ្នកមិនទាន់ដល់គោលដៅរបស់អ្នកទេណា ភ្លាមៗនោះយើងក៏អាចក្រោកមកបន្តធ្វើវាទៀតបាន ដោយយើងសង្ឃឹមថាវានឹងក្លាយជាការពិត។ ក្ដីសង្ឃឹមនេះណាវាមិនជាវេទមន្តទេ ប៉ុន្តែបើសិនជាយើងមានវាក្នុងខ្លួននោះវាប្រៀបបានដូចជាពន្លឺដែលនាំផ្លូវយើង ហើយអ្វីដែលយើងបានធ្វើឲ្យវាកើតឡើងនោះស្ទើរតែដូចវេទមន្តផងក៏មិនដឹង។ បើយើងបាត់បង់ក្ដីសង្ឃឹមប្រៀបបានដូចជាយើងបានបោះបង់ចោលអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងរួចបាត់ទៅហើយ។
ក្ដីសង្ឃឹមតែងតែដាស់ក្ដីស្រមៃឲ្យក្រោកឡើង វាបានដាស់ក្ដីស្រមៃឲ្យក្លាយជាការពិត។ នៅលើមេឃដែលងងឹតប៉ុន្តែយើងនៅតែអាចមើលឃើញពន្លឺដ៏ស្រស់ស្អាតរបស់ផ្កាយបាន នៅពេលកណ្ដាលថ្ងៃត្រង់ប៉ុន្តែវានៅតែអាចស្រទុំបាន ទោះបីមេឃភ្លៀងខ្លាំងប៉ុណ្ណាក៏វានៅតែមានពន្លឺរស្មីបំភ្លឺលោកាដែរ។
អ្នកដឹងទេថាអត្ថបទមួយនេះវាបានកើតឡើងដោយសេចក្ដីសង្ឃឹមដែលជម្រុញឲ្យខ្ញុំបានសសេរវាលេចចេញជារូបរាងដែលនេត្រារបស់អ្នកកំពុងសម្លឹងនៅពេលនេះ។ ខ្ញុំផ្ដើមស្រលាញ់ និងចូលចិត្តក្នុងការសសេរ ខ្ញុំតែងសង្ឃឹមថាអត្ថបទរបស់ខ្ញុំនីមួយៗនឹងអាចមានអ្នកអានច្រើន ចូលចិត្តច្រើន ក្ដីសង្ឃឹមនេះហើយដែលតែងតែជម្រុញខ្ញុំក្នុងការសសេររហូតមក ឲ្យតែមានក្ដីស្រមៃ និងក្ដីសង្ឃឹមរហូតនោះអ្វីៗនឹងក្លាយជាការពិតនៅថ្ងៃណាមួយ។
ផ្លូវដែលបានកសាងឡើងដោយសេចក្ដីសង្ឃឹម វារមែងរីករាយជាងផ្លូវដែលសាងដោយសេចក្ដីអស់សង្ឃឹម ទោះបីជាពេលខ្លះពួកគេនាំយើងទៅដល់គោលដៅតែមួយក៏ដោយ។ ពេលខ្លះឧបសគ្គជាច្រើនបានកើតឡើង ជួនធ្វើឲ្យ យើងបាត់បង់នូវសេចក្ដីសង្ឃឹម ប៉ុន្តែបើអ្នកសម្រចចិត្តបោះបង់សេចក្ដីសង្ឃឹមចោលហើយ អ្នកត្រូវត្រៀមខ្លួនដើម្បីទទួលយកភាពទទេរស្អាតដែលនឹងឈានចូលមកក្នុងជីវិតអ្នក។ សសេរវាម្ដងហើយម្ដងទៀត នៅក្នុងបេះដូងរបស់យើង រួចប្រាប់ខ្លួនឯងថាយើងមានក្ដីសង្ឃឹមយ៉ាងមុតមាំដើម្បីសម្រេចរឿងទាំងនោះឲ្យក្លាយជាការពិត។ ក្ដីសង្ឃឹមប្រៀបដូចជាព្រះអាទិត្យ ទោះបីជាពេលយប់ងងឹតខ្លាំងប៉ុណ្ណា ក៏ថ្ងៃស្អែកឡើងព្រះអាទិត្យនៅតែរះឡើងដើម្បីបំភ្លឺលោកា៕
ប្រភពរូបភាពៈ unsplash; adventistword,nextgeneration, shutterstock
អត្ថបទស្នាដៃដើម៖ រិទ្ធី កុល្លិកា