ជាស្ពានដែលបង្កប់ទៅដោយអាថ៌កំបាំងដែលចេះតែចាំលងបន្លាចយកជីវិតមនុស្សនៅក្រោយពេលព្រះអាទិត្យលិចទៅ។
ស្ពានលេខ 71 មានអាយុកាលយូរឆ្នាំហើយស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយពីស្ពានឈើចាស់ទ្រុឌទ្រោមមិនអាចធានាសុវត្ថិភាពអ្នកឆ្លងកាត់អ្នកភូមិក៏រួមគ្នារុះស្ពានឈើចោលសាងសង់ស្ពានដែកវិញ តែអំឡុងពេលនៃការសាងសង់ស្រាប់តែមានគ្រោះថ្នាក់ដោយកម្មករសង់ស្ពានម្នាក់បានរបួសរហូតដល់ស្លាប់។
ខណៈដែលគេដង្ហែសពកម្មករនោះឆ្ពោះតម្រង់ទៅវត្ត ដោយឆ្លងកាត់ស្ពាននេះបានពាក់កណ្ដាល រថយន្តដឹកសពស្រាប់តែរលត់ឈឹងទៅមុខមិនរួច។ មនុស្សម្នាមានការងឿងឆ្ងល់ហើយទោះជាធ្វើយ៉ាងណាក៏រថយន្តមិនឆេះទៅមុខទៀតឡើយ ទើបអ្នកចូលរួមហែទាំងអស់នាំគ្នារុញរថយន្តទៅមុខដើម្បីកុំឱ្យស្ទះស្ពានពិបាកអ្នកដំណើរឆ្លងកាត់។
តែភ្លាមនោះ ស្រាប់តែរថយន្តរអិលបុកបង្កាន់ដៃស្ពានបាក់ហើយក៏ធ្លាក់រថយន្តទៅក្រោម បណ្ដាលឱ្យបែកមឈូសខ្ទាតសពចេញមកក្រៅ ឯអ្នកផងសាច់ញាតិសពដែលអង្គុយលើរថយន្តដឹកសពនោះក៏រងរបួសជាទម្ងន់។ មានក្មេងម្នាក់បានស្លាប់ដោយរងរបួសត្រង់ពោះបណ្ដាលពីការសង្កត់ខ្លាំងពេក។
ចាប់ពីពេលនោះមករឿងរ៉ាវអាក្រក់ចេះតែកើតឡើងជាបន្តបន្ទាប់។
ស្ពានលេខ 71 នេះក្លាយជា ស្ពានទីលានជើងកប។
ជើងកប គឺសំដៅទៅដល់ទីឋានណាមួយបើចេះតែមានរឿងរ៉ាវអាក្រក់ជាប់គ្នាអត់ឈប់ភាគច្រើនជាទីសាធារណៈដូចជាទឹកបឹង ផ្លូវកាច់ជ្រុង ស្ពានជាដើម ដែលធ្លាប់មានមនុស្សណាម្នាក់ស្លាប់ហើយគេជឿថាព្រលឹងអ្នកដែលស្លាប់នោះនឹងនៅរង់ចាំយកជីវិតអ្នកថ្មីមកចាំទីកន្លែងទើបអ្នកនោះអាចទៅចាប់ជាតិបានហើយក៏យកជីវិតបន្តគ្នាឥតឈប់។ បើមិនបានយកជីវិតអ្នកណាទេក៏នឹងនៅតែលងបន្លាចអ្នកដំណើរលុះទាល់តែបាននរណាម្នាក់ស្លាប់ទើបអស់ចិត្ត។
មីងថូ ដែលជាអ្នកធ្លាប់បានជួបហេតុការណ៍អាក្រក់ទាក់ទងនឹងស្ពានលេខ 71 នេះបានរៀបរាប់ពីហេតុការណ៍នាយប់នោះថា រៀងរាល់ថ្ងៃគាត់ឆ្លងកាត់ស្ពាននេះដើម្បីដឹកអីវ៉ាន់យកទៅលក់នៅឯផ្សារតែថ្ងៃនេះដោយសារតែរវល់រៀបចំអីវ៉ាន់ថ្មីក៏ធ្វើឱ្យនៅយូរដល់មេឃងងឹតទើបគាត់ជិះត្រឡប់មកវិញ។
ពេលជិះកាត់ស្ពាននេះគាត់តាំងស្មារតីថាគ្រប់យ៉ាងវាមិនអីនោះទេតែស្រាប់តែម៉ូតូគាត់រលត់ពេលជិះពាក់កណ្ដាលស្ពានហើយហាក់ដូចជាមានខ្យល់អ្វីមួយទំហឹងមុខបោកប៉ះរាងកាយគាត់បណ្ដាលឱ្យដួលម៉ូតូ រំពេចនោះស្រាប់តែមានរថយន្តធំមួយដែលជិះពីក្រោយគាត់តម្រង់មករកគាត់ដែលកំពុងតែដេកដួល។
គាត់ប្រាប់ថាខិតខ្លួនតែបន្តិចផុតពីកង់រថយន្ត រថយន្តនោះក៏កិនបែកម៉ូតូ និងរបស់របរទាំងអស់ខ្ទេចខ្ទីរគ្មានសល់។
គាត់អះអាងថា វាមិនមែនជាគ្រោះថ្នាក់ចៃដន្យធម្មតាទេ វាហាក់ដូចជាមានអ្វីម្យ៉ាងព្យាយាមទាញយកជីវិតរបស់គាត់ ប៉ុន្តែដោយសារតែគាត់មានរាសីខ្ពស់ទើបអាចឱ្យគាត់រស់នៅសល់ជីវិតដល់សព្វថ្ងៃ។
លោកស្រី សៀង សំណង ជាអតីតគ្រូបង្រៀននៅសាលាមួយក្នុងក្រុងតាខ្មៅ ក៏មានរឿងរ៉ាវរន្ធត់ព្រឺក្បាលស្រដៀងនឹងនេះដែរ គឺលោកស្រី ជាមនុស្សកំពូលខ្លាចខ្មោច ទៅណាមកណាតែងតែមានគ្នាទៅជាមួយជានិច្ច។ មានល្ងាចមួយ លោកស្រី និងស្វាមីបានជិះម៉ូតូទៅមើលគេសម្រាលកូនថ្មីដែលត្រូវឆ្លងទីតាំងស្ពាននេះចម្ងាយ 2 គីឡូម៉ែត្រទើបដល់ផ្ទះនោះ។
លុះពេលត្រឡប់មកវិញយប់ងងឹតឈឹងទៅហើយ ដោយលោកស្រីខ្លាចក៏ឱ្យប្ដីលោកស្រីជិះពីក្រោយហើយគាត់ជាអ្នកឌុបវិញ។
លុះពេលមកដល់ចំណុចស្ពាននេះលោកស្រីព្យាយាមធ្វើចិត្តមិនងាកមើលឆ្វេងស្ដាំផ្ដេសផ្ដាសហើយផ្ដោតអារម្មណ៍តែនឹងផ្លូវមុខ តែភ្លាមនោះស្រាប់តែឃើញស្រមោលសហោះកាត់មុខយ៉ាងលឿន ធ្វើឲ្យលោកស្រីភ័យញ័រដៃបង្កើនល្បឿនម៉ូតូកាន់តែលឿនជាងមុនស្រាប់តែទៅបុកនឹងអ្វីម្យ៉ាងលាន់សំឡេងយ៉ាងខ្លាំងកណ្ដាលរាត្រី។
ពេលលោកស្រីចុះទៅពិនិត្យមើលឃើញថាម៉ូតូលោកស្រីបានជាប់នឹងឬស្សីមួយដើមឆ្កឹង ដែលគេដឹកតាមគោយន្ត។ អាចថាជាសំណាងល្អហើយដែលលោកស្រីមិនបានបាត់បង់ជីវិតកុំអីលោកស្រីអាចនឹងធ្លាយពោះឬព្រាយក្បាលស្លាប់ដោយសារចុងឫស្សីនេះភ្លាមៗមើលមិនឃើញ។
មនុស្សជាច្រើនទៀតបានអះអាងថាមានពេលខ្លះធ្លាប់បានឃើញស្ត្រីពោះធំមកឈរចំកណ្ដាលផ្លូវធ្វើឲ្យអ្នកដែលបើកបរព្យាយាមគេចមិនបុកស្ត្រីនោះក៏រងគ្រោះថ្នាក់យ៉ាងដំណំ។ វាក្លាយទៅជាស្ពានដែលគ្មាននរណាហ៊ានជិះកាត់នាពេលយប់ ឬពេលថ្ងៃស្ងាត់ក៏មិនមាននរណាហ៊ានជិះម្នាក់ឯងដែរ ហើយជាញឹកញាប់គេតែងសែនចំណីអាហារឧទ្ទិសកោសល្យដល់អ្នកដែលរងគ្រោះ បំណងឱ្យពួកគេបានឆាប់ត្រឡប់ទៅទីឋានស្ងប់សុខកុំយកជីវិតអ្នកដទៃទៀត។
យ៉ាងណាក៏នៅមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនទៀតបានកើតឡើងនៅបរិវេណស្ពាននេះដែលគេជឿជាក់ថាជើងកបនៃព្រលឹងអ្នកស្លាប់ជាបន្តបន្ទាប់ចេះតែព្យាយាមទាញយកជីវិតមនុស្សថ្មីឱ្យមកចាំស្ពាននេះគ្មានថ្ងៃបញ្ចប់៕