អារម្មណ៍ស្ត្រេសមិនមែនជាអារម្មណ៍វិជ្ជមានទេ ហើយវាជាអ្វីដែលមនុស្សព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីចៀសវាងវា ។ ប៉ុន្តែអ្នកមានដែលគិតថាអ្នកអាចប្រើស្ត្រេសដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនទេ?
មិនថាអ្នកកំពុងតែធ្វើការងារអ្វីទេ អ្នកមិនអាចកាត់ផ្តាច់ស្ត្រេសពីជីវិតរបស់អ្នកទាំងស្រុងទេ ។ ហើយការព្យាយាមកាត់បន្ថយស្ត្រេសមានតែធ្វើឲ្យអ្នកកាន់តែស្ត្រេសលើសដើមប៉ុណ្ណោះ ។ ផ្ទុយមកវិញអ្នកគួរតែរៀនទទួលយកអារម្មណ៍នេះ និងរកវិធីដើម្បីប្រើវាដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗទៅវិញ ។ វានឹងអនុញ្ញាតឲ្យអ្នកកាន់តែជោគជ័យនៅថ្ងៃអនាគត ។ខាងក្រោម គឺជាវិធីមួយចំនួនដែលអាចជួយឲ្យអ្នកសម្រេចគោលដៅមួយនេះបាន ៖
១. ប្រើស្ត្រេសដើម្បីសម្រេចបានការងារកាន់តែច្រើន
មនុស្សត្រូវបានជំរុញទឹកចិត្តឲ្យធ្វើអ្វីមួយនៅពេលដែលអ្នកដទៃ ឬប្រភពដទៃចូលរួម ។ ពេលដែលអ្នកព្យាយាមធ្វើឲ្យខ្លួនទទួលខុសត្រូវលើការសម្រេចការងារមួយចំនួនក្នុងពេលមួយកំណត់ អារម្មណ៍ស្ត្រេសអាចជួយឲ្យអ្នកសម្រេចបានការងារទាំងនោះកាន់តែបានឆាប់ ។ ពេលដែលការងាររបស់អ្នកប៉ះពាល់ដល់អ្នកដទៃ អ្នកនឹងព្យាយាមសម្រេចវាឲ្យបានទាន់ពេលវេលា ។ ដូច្នេះអ្នកគួរតែចាត់ទុកអារម្មណ៍ស្ត្រេសជាកត្តាជំរុញទឹកចិត្តល្អទៅវិញ ។
២. ប្រើស្ត្រេសដើម្បីធ្វើឲ្យអ្នកកាន់តែរឹងមាំ
អារម្មណ៍ស្ត្រេសក៏អាចជួយធ្វើឲ្យអ្នកកាន់តែរឹងមាំដែរ ។ មនុស្សមានសមត្ថភាពសម្របខ្លួនទៅតាមបរិស្ថានជុំវិញខ្លួនបាន ។ ប្រសិនបើអ្នករស់នៅក្នុងបរិស្ថានដែលងាយស្រួលពេកនោះ អ្នកមិនអាចឆ្លើយតបបានល្អទៅនឹងបរិស្ថានដែលពោរពេញទៅដោយអារម្មណ៍ស្ត្រេសទេ ។ ជាមួយគ្នានេះដែរ សមត្ថភាពក្នុងការដោះស្រាយឧបសគ្គពិបាកៗក៏មិនមានល្អដូចមនុស្សដែលឆ្លងកាត់ច្រើនជាងអ្នកដែរ ។
ដោយហេតុដូចនេះទើបអ្នកគួរតែបង្ខំឲ្យខ្លួនចូលក្នុងបរិស្ថានមួយដែលអ្នកអាចបរាជ័យបាន ។ ការធ្វើដូច្នេះនឹងជួយឲ្យអ្នកកាន់តែរឹងមាំ និងមិនងាយទទួលរងការប៉ះពាល់ពីរឿងអវិជ្ជមានជុំវិញខ្លួន ។
៣. ប្រើស្ត្រេសដើម្បីរកចំណុចខ្សោយ
អ្នកគួរតែរៀនសួរខ្លួនឯងថា តើមានអ្វីដែលបង្កើតស្ត្រេសឲ្យអ្នក?
ចម្លើយទៅនឹងសំណួរខាងលើនេះនឹងជួយឲ្យអ្នករកឃើញឧបសគ្គ និងបញ្ហាសំខាន់ៗដែលកំពុងប៉ះពាល់ដល់អ្នក ។ អ្នកត្រូវដឹងពីមូលហេតុបង្កស្ត្រេស ព្រោះវាអាចជួយឲ្យអ្នកធ្វើឲ្យអារម្មណ៍ស្ត្រេសក្លាយជាឱកាសល្អសម្រាប់អ្នកបាន ។
ឧទាហរណ៍ដូចជា អ្នកស្ត្រេសពេលដែលគិតពីអាជីវកម្មព្រោះតែអ្នករកចំណូលមិនបានគ្រប់គ្រាន់ មិនបានចំណាយពេលគ្រប់គ្រាន់លើវា ឬខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្មជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព