ខ្ញុំបានទៅលេងស្រុកកំណើតខាងម្ដាយជារៀងរាល់ឆ្នាំរាល់ពេលមានបុណ្យភ្ជុំបិណ្ឌឬបុណ្យចូលឆ្នាំជាដើម។ នៅកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង មិនខុសពីឆ្នាំណាទេរៀងរាល់ពេលមានបុណ្យទានមនុស្សម្នាតែងតែនាំគ្នាទៅវត្តដាក់បាតសន្សំកុសលគ្រប់គ្នាមិនដែលខាន។ បន្ទាប់ពីខ្ញុំបានជួបជុំជាមួយនឹងមិត្តភ័ក្រក្នុងភូមិដែលបានបែកគ្នាជាច្រើនឆ្នាំហើយតែមិត្តភាពរបស់យើងនៅតែធ្វើដដែលនោះ ពួកគេក៏បានបបួលគ្នាងើបបោះបាយបិណ្ឌនៅព្រលឹមស្អែក។
ពួកវាបានបបួលឱ្យទៅគេងនៅផ្ទះ អាវ៉ាន់ ដែលនៅក្បែរវត្ត កុំឱ្យពិបាករកគ្នា នាពេលព្រឹក ប៉ុន្តែខ្ញុំចង់គេងនៅផ្ទះរបស់យាយច្រើនជាង ទើបសន្យានឹងវាថាម៉ោង 3:30 ខ្ញុំនឹងងើបទៅជួបវានៅឯផ្ទះមិនឱ្យយឺតពេលនោះទេ។បញ្ហាប្លែកកន្លែងដេក ធ្វើឱ្យខ្ញុំរសាប់រសល់ដេកមិនចង់លក់តែអស់រយៈពេលជាច្រើនម៉ោងក្រោយមកខ្ញុំក៏ដេកលង់លក់យ៉ាងស្កប់ស្កល់។
នាឡិកាម៉ោងរោទ៍ដែលខ្ញុំដាក់ពីទូរសព្ទរបស់ខ្ញុំបានដាស់អារម្មណ៍ខ្ញុំឱ្យភ្ញាក់ភ្លាមមួយរំពេចពីការលង់លក់ ហើយមិនគិតយូរ ខ្ញុំប្រញាប់បើកទ្វារចេញតម្រង់ទៅផ្ទះអាវ៉ាន់ ទាំងនៅមិនទាន់បាត់ងងុយនៅឡើយ។ ខ្ញុំដើរតាមផ្លូវដ៏ស្ងាត់ និងងងឹត ដោយបើកពិលមើលផ្លូវពីទូរសព្ទ។ ខ្ញុំស្រាប់តែស្រងាកចិត្ត និងព្រឺឆ្អឹងខ្នង ព្រោះបរិយាកាសនៅពេលនេះវាស្ងាត់ហួសថ្លែង មិនមានសំឡេងមនុស្សសូម្បីតែម្នាក់ ធ្វើឱ្យខ្ញុំមានអារម្មណ៍ព្រួយពេលនឹកទៅដល់ជំនឿរបស់ដូនតាយើង។ ប្រេតអនាថាវាចេញរកស៊ីតែពេលព្រឹកងងឹតបែបនេះឯង។ ខ្ញុំស្រាប់តែខ្លាចយ៉ាងខ្លាំងហើយមើលទៅជុំវិញខ្លួន។ ដោយសារតែខ្ញុំងើបដើរមកយ៉ាងលឿនទាំងមិនទាន់ស្វាងងងុយ ទើបពេលនេះខ្ញុំបានដើរផ្លូវខុស។ វាមិនមែនជាផ្លូវធំកៅស៊ូតម្រង់ទៅផ្ទះអាវ៉ាន់នោះទេ តែនេះជាផ្លូវព្រៃដ៏ស្ងាត់ និងតាមដែលខ្ញុំធ្លាប់ដឹង ជាផ្លូវព្រៃដ៏គួរឱ្យខ្លាចដែលអ្នកភូមិតែងហាមកូនចៅមិនឱ្យមកលេងក្បែរនេះឡើយ។ ខ្ញុំឈរធ្មឹងមួយសន្ទុះ ខណៈដែលត្រចៀកដូចជាឮសំឡេងសម្រឹបជើងធ្ងន់ៗកំពុងដើរយឺតៗពីក្រោយខ្នងខ្ញុំ។ ខ្ញុំងាកមើល ស្រាប់តែឃើញរូបរាងដ៏ធំ ខ្ពស់ ស្គម កម្ពស់២ដើមត្នោតកំពុងសម្លឹងមកខ្ញុំ តាមកែវភ្នែកធំក្រឡោត មាត់តូចៗ សាច់ដូចសាច់មនុស្សតែស្បែកដណ្ដប់ឆ្អឹងស្វិតដូចគេរោលភ្លើង ដៃម្ខាងដាច់ត្រឹមក្លៀក ដៃម្ខាងទៀតកំពុងឈោងមកចាប់ខ្ញុំ។
ខ្ញុំរត់យ៉ាងលឿនតាមដែលអាចធ្វើបាន តែក៏ទៅបុកនឹងដីដំបូកមួយបណ្ដាលឱ្យដួល បែកក្បាលជង្គង់ តែភាពភ័យខ្លាច បានដាស់ឱ្យងើបឡើងបន្តរត់ទៀតយ៉ាងបន្ទាន់។ ខ្ញុំរត់រហូតដល់ផ្លូវធំ ហើយជួបនឹងអ្នកភូមិ ដែលគេត្រៀមទៅបោះបាយបិណ្ឌផងដែរនោះ គេសួរនាំហេតុភេទអ្វីទើបបានជាតក់ស្លុតរន្ធត់ញាប់ញ័រដល់ថ្នាក់នេះ។ ខ្ញុំសម្រួលអារម្មណ៍ទាំងញ័រញាក់ ហើយក៏និយាយដាច់ៗដោយញ័រមាត់ថា ជួបប្រេតៗ។ អ្នកភូមិទាំងនោះហាក់ជឿនូវគ្រប់យ៉ាងដែលខ្ញុំប្រាប់ ក៏នាំខ្ញុំមកផ្ទះយាយវិញ។ ខ្ញុំដេកឈឺញាក់ទទ្រើកដោយតក់ស្លុតនូវអ្វីដែលបានឃើញនាថ្ងៃនោះពេក។ ប្រសិនបើលោកអ្នកធ្លាប់ ឬចង់ទៅបោះបាយបិណ្ឌ សូមចងចាំថា ត្រូវទៅដោយមានគ្នា កុំទៅតែម្នាក់ឯង ព្រោះបើវាសនាអាក្រក់អាចនឹងមិនមានជីវិតត្រឡប់មកវិញដូចខ្ញុំឡើយ។
ទន្ទឹមនឹងរឿងរ៉ាវរន្ធត់នារដូវកាលបុណ្យភ្ជុំនេះ ប្រិយមិត្តរាត្រី រន្ធត់ ឈ្មោះពិសិដ្ឋ ក៏បានរ៉ាយរ៉ាប់រឿងពិតរបស់គាត់ដែលធ្វើឱ្យគាត់តក់ស្លុតរន្ធត់ឥតឧបមាផងដែរថា,
អំឡុងពេលភ្ជុំបិណ្យនេះ គាត់ និងមិត្តរបស់គាត់២នាក់ទៀតបានទៅចែកអំណោយជូនចាស់ៗនៅក្រចេះ ហើយក្រោយពីរួចរាល់ការងារ ពួកគាត់ទាំង៣ក៏ចូលញ៉ាំអាហារនៅតាមផ្លូវ និងមានពិសារគ្រឿងស្រវឹងបន្តិចបន្តួចផង។ លុះចេះតែពន្យាពេលដល់ម៉ោង 1 យប់ ពួកគាត់ក៏សម្រេចជិះរថយន្តចេញពីក្រចេះត្រឡប់មកភ្នំពេញវិញ តែក៏បានវង្វេងផ្លូវដោយបត់ច្រឡំ ទើបលោកពិសិដ្ឋបានឱ្យប្អូនប្រុសរបស់គាត់ឈ្មោះ សក្កដា បើកឡានវិញ ដោយពឹងទៅលើ Google Map។ GPS ក្នុងផែនទីបានចង្អុលផ្លូវកាត់មួយដើម្បីឡើងត្រឡប់ទៅផ្លូវជាតិវិញ ដូច្នេះ សក្កដាក៏បើកតាមការបង្ហញនោះ។ តែមិនដូចជាការរំពឹងទុក គាត់បន្តបើកចូលផ្លូវតូចទៅៗកាន់តែជ្រៅ ធ្វើឱ្យគាត់កាន់តែមានអារម្មណ៍មិនស្រួលទាំង២នាក់ ឯម្នាក់ទៀតស្រវឹងដេកនៅកៅអីក្រោយ។ បន្តជិះទាំងអារម្មណ៍មោនស្រួលតទៅទៀត រថយន្តក៏បានមកដល់វាលកប់ខ្មោចមួយដែលមានផ្នូររាប់រយតម្រៀបគ្នាជាជួររណែករណោល។ បរិយាកាសដ៏ស្ងប់ស្ងាត់ ស្រាប់តែក្លាយជាខ្យល់បោកបក់យ៉ាងចម្លែក លាយឡំនឹងសំឡេងសត្វរាត្រីចរស្រែកល្វើយៗ ញ៉ាំងអារម្មណ៍ឱ្យកាន់តែព្រឺឆ្អឹងខ្នង។ សក្កដាបន្តជិះទៅមុខតាមផ្លូវព្រៃតូចៗដោយលែងខ្វល់ពីការប៉ះទង្គិចអ្វីទាំងអស់ តែស្រាប់តែឃើញនរណាម្នាក់កំពុងដើរពីចម្ងាយ។ គាត់ក៏ជិះទៅជិតម្នាក់នោះ ហើយសំពះសួរផ្លូវ។ តែខណៈដែលម្នាក់នោះកំពុងដើរតម្រង់មករករថយន្ត អ្នកទាំង២បានឃើញយ៉ាងជាក់ច្បាស់ថា បុរសម្នាក់នោះមិនមានក្បាលនៅលើកនោះទេ ពោលគឺកំពុងយួរក្បាលនៅក្នុងដៃខាងស្ដាំ។ សក្កដាងាកមកសួរពិសិដ្ឋថាតើឃើញដូចអ្វីដែលខ្លួនកំពុងឃើញដែរឬទេ? លោកពិសិដ្ឋងក់ក្បាលជំនួសការឆ្លើយតប ហើយខណៈដែលបុរសដាច់ក្បាលម្នាក់នោះកំពុងតែដើរតម្រង់មករថយន្ត រថយន្តក៏ស្រាប់តែលែងទៅមុខយ៉ាងមិនប្រក្រតីថ្វីបើម៉ាស៊ីននៅឆេះធម្មតា។
សក្កដាលោតទៅកៅអីក្រោយហើយដាស់វិបុលឱ្យភ្ញាក់ពីការគេងលក់ ហើយក៏ប្ដូរឱ្យគាត់ទៅបើកបរវិញ។ បុរសដាច់ក្បាលនោះបានដើរមកជិតរថយន្ត ហើយយកក្បាលក្នុងដៃគាត់វាយមួយទំហឹងទៅលើកញ្ចក់បង្អួចរថយន្តលាន់សំឡេងផូសលាន់ព្រៃ។ រថយន្តក៏ស្រាប់តែទៅមុខជាធម្មតា ហើយវិបុលក៏សម្រុកយ៉ងលឿនដោយលែងខ្វល់ពីអ្វីទាំងអស់ រហូតឡើងមកដល់ផ្លូវជាតិលេខ 8 តម្រង់មករាជធានីភ្នំពេញវិញ។ អ្នកទាំង៣សុទ្ធតែបានអះអាងដូចគ្នាថា គ្រប់យ៉ាងដែលបានរ៉ាយរ៉ាប់មក គឺសុទ្ធតែជាការពិត តែដែលគ្រប់យ៉ាងកើតឡើងបានដោយរបៀបណានោះ មិនមាននរណាម្នាក់ហ៊ានស្វែងរកចម្លើយនៅឡើយ៕