សំបុត្រផ្ញើជូនខ្លួននឯង !
“គ្រប់ពេលដែលធ្វើអ្វីខុសមួយយើងមិនដែលខ្លាចក្នុងការពោលពាក្យសុំទោស តែយើងមានដែលបានសុំទោសមនុស្សម្នាក់ដែលតែងនៅក្បែរយើងគ្រប់ពេលវេលាមិនថាក្ដៅឬរងារទេ? តើយើងធ្លាប់បានសាងកំហុសមកលើខ្លួនឯងច្រើនប៉ុណ្ណាហើយ?”
ផ្ញើរជូនចំពោះខ្លួនឯងជាពិសេស !
ពេលវេលាយូរណាស់ហើយដែលរាងកាយមួយនេះយល់ព្រមទទួលយកគ្រប់បញ្ហា មិនថាពេលខ្លះល្អឬអាក្រក់ប៉ុន្តែរាងកាយមួយនេះតែងស្ម័គ្រចិត្តនៅជាមួយយើងមិនដែលគិតថាចង់ទៅចោលយើងសូម្បីមួយវិនាទី។ រាងកាយមួយនេះហត់ រាងកាយមួយនេះរងារ រាងកាយមួយនេះអស់កម្លាំងណាស់តែយើងមានដែលចាប់អារម្មណ៍ពីវាដែលទេ? នៅពេលដែលយើងធ្វើឱ្យនរណាម្នាក់មានរបួសយើងតែងពោលពាក្យសុំទោសទៅកាន់គេបានយ៉ាងធម្មតា ចុះបើសិនជាយើងបានបង្ករបួសដល់ខ្លួនឯងតើយើងបានសុំទោសខ្លួនឯងហើយឬនៅ? យើងមានពេលគិតពីសម្ដីគេតើយើងមានបានចំណាយពេលសុំទោសខ្លួនឯងទេ? ពេលវេលាកាន់តែទៅមុខមិនដែលចាំយើងទេ ពេលដែលយើងបរាជ័យយើងបាក់ទឹកចិត្តជាពេលដែលយើងត្រូវចំណាយពេលវេលាសម្រាប់មកសុំទោសខ្លួនឯងមិនជាពេលដែលត្រូវគិតពីពាក្យសម្តីទិតៀនរបស់អ្នកដទៃឡើយ។
ពេលនេះខ្ញុំសូមសុំទោសខ្លួនឯងនូវរឿងកន្លងមក ! សុំទោសខ្លួនឯងដែលធ្វើមិនបានល្អ សុំទោសរាងកាយដែលធ្វើអោយឯងហត់ សុំទោសខួរក្បាលដែលតែងគិតពីរឿងឥតប្រយោជន៍ សុំទោសដែលមិនមានពេលសម្រាកគ្រប់គ្រាន់ សុំទោសដែលមិនបានយកចិត្តទុកដាក់ចំពោះឯង សុំទោសដែលធ្វើអោយឯងមានរបួស សុំទោសដែលត្រូវអោយឯងចំណាយពេលវេលាសឹងរាល់យប់ដើម្បីយំនឹងរឿងដែលមិនគួរឱ្យយំ។ ខ្ញុំសុំទោសទឹកភ្នែកដែលបានហូរកន្លងមកឱ្យខ្ញុំសុំទោសដែលបណ្ដោយឱ្យឯងហូរឥតប្រយោជន៍ សុំទោសដែលតែងតែគិតពីអតីតកាលដ៏ចោរម្សៀត សុំទោសសម្រាប់គ្រប់យ៉ាងដែលខ្ញុំបានធ្វើ។ ឆាកជីវិតមួយនេះហាក់ដូចជាក្បូនរសាត់ពេលខ្លះវង្វេងរកផ្លូវចេញមិនឃើញ ជីវិតខ្ញុំវាហាក់ខ្មៅងងឹតដែលពេលខ្លះរកពន្លឺសូម្បីបន្តិចមិនឃើញ ពេលដែលគ្មានអ្នកណានៅក្បែរអ្នកវាជាពេលវេលាដែលយើងត្រូវគិតពីខ្លួនឯងអោយបានច្រើន។ អ្វីដែលខ្ញុំអាចប្រាប់ខ្លួនឯងបានត្រឹមតែពាក្យថារឹងមាំ ខ្ញុំដឹងថាខ្លួនឯងហត់ប៉ុន្តែខ្ញុំមិនអាចបោះបង់ព្រោះមានមនុស្សជាទីស្រលាញ់របស់ខ្ញុំកំពុងរងចាំមើលភាពជោគជ័យរបស់ខ្ញុំ ។ ខ្ញុំហត់ ខ្ញុំអាចសម្រាកបានប៉ុន្តែខ្ញុំមិនអាចបោះបង់ជាដាច់ខាត។
ខ្ញុំសូមអរគុណ ! អរគុណខ្លួនឯងដែលតែងតែរឹងមាំ អរគុណដែលតែងតែជំនះរាល់ឧបសគ្គដើម្បីបំពេញក្ដីស្រមៃ អរគុណដែលឯងអាចញញឹមបានគ្រប់បញ្ហា អរគុណដែលឯងបាននៅក្បែរខ្ញុំគ្រប់ពេល អរគុណសម្រាប់គ្រប់យ៉ាង។
ខ្ញុំដឹងថាពេលវេលាមិនអាចត្រលប់ក្រោយបាន ខ្ញុំនឹងព្យាយាមធ្វើដើម្បីអោយឯងបានមានក្ដីសុខច្រើនជាងកាលកន្លង។ ខ្ញុំអាចមិនល្អឥតខ្ចោះប៉ុន្តែខ្ញុំនឹងធ្វើអោយបានល្អបំផុតសម្រាប់រាងកាយមួយនេះ៕
ស្នាដៃដើម : កុល្លិកា