អាមេរិក៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោក Paul Mango អនុប្រធានបុគ្គលិកផ្នែកគោលនយោបាយនៃសេវាសុខភាពនិងមនុស្សរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា វាជាសេចក្តីប្រាថ្នាមួយដែលថា គ្មានជនជាតិអាមេរិកណាម្នាក់នឹងត្រូវចំណាយប្រាក់សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩។
លោកបាននិយាយថា៖ “បើនិយាយពីគោលការណ៍និងសេចក្តីប្រាថ្នា យើងចង់បានឱ្យគ្មានជនជាតិអាមេរិកណាម្នាក់ត្រូវចំណាយប្រាក់ពីហោប៉ៅ ដើម្បីចាក់វ៉ាក់សាំងឡើយ។ ហើយយើងខិតជិតដល់សេចក្តីប្រាថ្នានេះហើយ។”
សាកលវិទ្យាល័យ Oxford បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការសាកល្បងចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បានបញ្ឈប់កាលពីសប្តាហ៍មុន បន្ទាប់ពីមានជម្ងឺដែលមិនអាចពន្យល់បាន នៅក្នុងអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងអស់។
សាកលវិទ្យាល័យដែលកំពុងបង្កើតវ៉ាក់សាំងជាមួយក្រុមហ៊ុន AstraZeneca មិនបានបញ្ជាក់ថា តើការសាកល្បងនឹងចាប់ផ្តើមនៅពេលណាទេ។ ក្រុមហ៊ុន AstraZeneca បាននិយាយថា ការសាកល្បងនឹងបន្តនៅចក្រភពអង់គ្លេសតែប៉ុណ្ណោះ ដោយបន្ថែមថាខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរសុខាភិបាលនៅទូទាំងពិភពលោក ដើម្បីកំណត់ថាតើការសាកល្បងផ្សេងទៀតអាចចាប់ផ្តើមឡើងវិញនៅពេលណា។
មុនពេលផ្អាក ក្រុមហ៊ុនបានសាកល្បងវ៉ាក់សាំងរបស់ខ្លួនដែលមានឈ្មោះថាវ៉ាក់សាំង Oxford នៅសហរដ្ឋអាមេរិក ក៏ដូចជានៅចក្រភពអង់គ្លេស អាមេរិកឡាទីន អាស៊ី អឺរ៉ុប និងអាហ្វ្រិក។
វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលបានឆ្លងបីដំណាក់កាល នៅសហរដ្ឋអាមេរិក។ វាមានការគាំទ្រពីរដ្ឋាភិបាលសហព័ន្ធអាមេរិក។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Pfizer / BioNTec គឺជាក្រុមពីរផ្សេងទៀត ដែលមានការសាកល្បងដំណាក់កាលទី៣ ដែលកំពុងដំណើរការផងដែរ ជាមួយនឹងថវិការបស់រដ្ឋាភិបាលសហព័ន្ធ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព