ខេត្តបាត់ដំបង ៖ បើតាមសមត្ថកិច្ចបានឱ្យដឹងថា យុវជនម្នាក់បានលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត។
ជនរងគ្រោះខាងលើឈ្មោះ យឿត ម៉េងហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល។ ហើយបើតាមសេចក្ដីរាយការណ៍ឱ្យដឹងថា យុវជនរូបនេះបានចុះហែលលេងនៅកន្លែងទឹកជ្រៅ ដោយគ្មានអាវសម្រាប់ពាក់ការពារនោះទេ ហើយទំនងជាទឹកកួចខ្លាំងផង ទើបបណ្ដាលឱ្យលង់រហូតបាត់បង់ជីវិតបែបនេះ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេនៅមិនទាន់ដឹងថា តើទីកន្លែងដែលមានទឹកជ្រៅនៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយដ៏ពេញនិយមមួយនេះ ត្រូវបានម្ចាស់រមណីយដ្ឋានដាក់ស្លាកសញ្ញា ដើម្បីហាមឃាត់ភ្ញៀវដែរឬយ៉ាងណានោះទេ? បានជាបណ្ដែតបណ្ដោយឱ្យភ្ញៀវចុះហែលលេង រហូតមានគ្រោះថ្នាក់បែបនេះ?
ប៉ុន្តែបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា អ្នកបំរើការនៅរមណីយដ្ឋាន បានប្រាប់ ឬណែនាំភ្ញៀវខ្លះៗដែរ ហាមមិនឱ្យចុះហែលកន្លែងដែលមានទឹកជ្រៅនោះទេ តែដោយសារតែមានមនុស្សច្រើនពេក ទើបមិនអាចគ្រប់គ្រងបាន ហើយណាមួយភាគច្រើនភ្ញៀវដែលចុះទៅលេងទឹក ដោយមិនមានអាវពោងពាក់ការពារឡើយ។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះដែលលង់ទឹកខាងលើនោះ បានហែលទៅកន្លែងទឹកជ្រៅ ហើយគ្មានអាវពោងពាក់ការពារ ទើបជួបគ្រោះថ្នាក់បែបនេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព