ខេត្តព្រះវិហារ ៖ អគ្គិភ័យបានឆាបឆេះយានដ្ឋានជួសជុលរថយន្ត១កន្លែង និងផ្ទះចំនួន២ខ្នងរបស់ប្រជាពលរដ្ឋនៅទីរួមស្រុកឆែប ខេត្តព្រះវិហារ បណ្តាលឱ្យរងការខូចខាតអស់ស្ទើរទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។
បើតាមមន្ត្រីនគរបាលស្រុកឆែប បានលើកឡើងថា គ្រោះអគ្គិភ័យមួយដែលបានកើតឡើង ធ្វើឲ្យយានដ្ឋានជួលជុលរថយន្ត១កន្លែង និងផ្ទះប្រជាពលរដ្ឋ២ខ្នងបានរងការឆាបឆេះអស់ស្ទើរទាំងស្រុងនោះ សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង «ឆ្លងចរន្តអគ្គិសនី» ប៉ុន្តែហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ច និងប្រជាពលរដ្ឋនៅទីនោះបានជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ តែដោយសារអណ្តាតភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅខ្លាំងពេក ក៏បានធ្វើឱ្យប៉ះពាល់ផ្ទះសម្បែងពលរដ្ឋអស់២ខ្នង និងយានដ្ឋានជួសជុលរថយន្ត១កន្លែង បណ្តាលឱ្យរងការខូចខាតអស់ស្ទើរទាំងស្រុងទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា យានដ្ឋានជួសជុលរថយន្ត១កន្លែងដែលរងការឆាបឆេះអស់ទាំងស្រុងនេះ មានម្ចាស់ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុន អេងនាង អាយុ៣០ឆ្នាំ រស់នៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ដែលបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់អស់ចំនួន៨ម៉ឺនដុល្លារអាមេរិក ។
ចំណែកផ្ទះ២ខ្នងវិញ គឺ១ខ្នងជាកម្មសិទ្ធិរបស់ឈ្មោះ ធិន ថែប ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាល ដែលមានភរិយាឈ្មោះ យ៉ែម កេម ហើយផ្ទះនោះសង់ក្នុងទំហំ៩ម៉ែត្រ×៩ម៉ែត្រ ខាតបង់ទឹកប្រាក់អស់៥ម៉ឺនដុល្លារអាមេរិក បានរងការឆាបឆេះអស់ទាំងស្រុង ។ និង១ខ្នងទៀតមានម្ចាស់ផ្ទះឈ្មោះ ឃៀង គឹមសាន្ដ ភេទប្រុស អាយុ៤៨ឆ្នាំ ជាកសិករ រស់នៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ដែលត្រូវភ្លើងឆេះជញ្ជាំងផ្ទះអស់មួយចំហៀង បើគិតជាទឹកប្រាក់ខាតបង់អស់១ម៉ឺន៣ពាន់ដុល្លារអាមេរិក។ ហើយសរុបទឹកប្រាក់ទាំងលំនៅដ្ឋាន និងយានដ្ឋាន បូករួមទាំងទ្រព្យសម្បត្តិដែលរងការឆាបឆេះ និងខូចខាតផងនោះ មានចំនួន ១៤ម៉ឺន៣ពាន់ដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព