ការឈានចូលទៅរៀននៅសាកលវិទ្យាល័យ គឺជាពេលដ៏រំភើបសម្រាប់មនុស្សជាច្រើន ព្រោះវាអនុញ្ញាតឲ្យយុវវ័យបង្កើនចំណេះដឹង ខណៈដែលរកបានអ្វីដែលខ្លួនចូលចិត្ត និងជួបជាមួយមិត្តដែលនឹងរាប់អានគ្នាអស់មួយជីវិតជាដើម។ ប៉ុន្តែដំណាក់កាលមួយនេះក៏អាចប៉ះពាល់ដល់ស្ថានការហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃអនាគតផងដែរ។
ដើម្បីជៀសវាងការខាតបង់លុយ និស្សិតត្រូវតែជៀសវាងប្រព្រឹត្តកំហុសឆ្គងខាងក្រោមនេះ ៖
១. ទិញឧបករណ៍ដែលថ្មីជាងគេ និងថ្លៃជាងគេ
បច្ចុប្បន្ននេះ និស្សិតស្ទើរតែមិនអាចឆ្លងកាត់សាកលវិទ្យាល័យដោយមិនមានកុំព្យូទ័រ ប៉ុន្តែនិស្សិតមិនចាំបាច់ទិញកុំព្យូទ័រដែលថ្មីជាងគេ និងថ្លៃជាងគេទេប្រសិនបើមិនត្រូវការចាំបាច់។ លើសពីនេះទៅទៀត មានឧបករណ៍មួយចំនួនដែលវាជួយច្រើនដល់ការសិក្សាឡើយដូចជាថាប្លេត ឬទូរស័ព្ទទីពីរជាដើម។
២. ទិញសៀវភៅពីកន្លែងលក់សៀវភៅក្នុងសាលា
មុនពេលអ្នកចាប់ផ្តើមចូលរួម អ្នកគួរតែទាក់ទងទៅកាន់សាស្ត្រាចារ្យរបស់អ្នកដើម្បីដឹងថាអ្នកចាំបាច់ត្រូវទិញសៀវភៅសម្រាប់គ្រប់មុខវិជ្ជាដែរឬទេ ឬសាស្ត្រាចារ្យរបស់អ្នកមានផ្តល់ជា Soft Copy ដែលអ្នកអាចអានបានតាមកុំព្យូទ័រដែរឬទេ។ លើសពីនេះទៅទៀត អ្នកក៏អាចខ្ចីសៀវភៅពីសិស្សច្បងដែលបានរៀនរួច ឬសុំពួកគេធ្វើការថតចម្លងតក៏ល្អជាងទិញផ្ទាល់ដែរ។
៣. មិនប្រើកាតសិស្សដើម្បីទទួលបានការបញ្ចុះតម្លៃ
កាតសិស្សរបស់អ្នកអាចជួយសន្សំលុយឲ្យអ្នកដែរប្រសិនបើអ្នកធ្វើការស្រាវជ្រាវមើលថា មានកន្លែងណាខ្លះដែលផ្តល់ការបញ្ចុះតម្លៃដល់និស្សិត។ ដោយហេតុដូចនេះអ្នកគួរតែទុកកាតសិស្សរបស់អ្នកតាមខ្លួនជានិច្ច។
៤. មិនចាត់ចែងលុយឲ្យបានល្អ
និស្សិតប្រហែលជាគិតថា ខ្លួនមានឯករាជ្យភាពជាងមុនបន្ទាប់ពីបានចូលរៀនក្នុងសាកលវិទ្យាល័យ ប៉ុន្តែអ្នកត្រូវតែមានទំនួលខុសត្រូវ និងរៀបចំខ្លួនឲ្យបានល្អ ជាពិសេសរឿងលុយ។ ប្រសិនបើអ្នកមិនតាមដានការចំណាយឲ្យបានច្បាស់លាស់ទេនោះ អ្នកងាយនឹងចាយលុយអស់ពីខ្លួនណាស់ជាពិសេសក្នុងពេលដែលនិស្សិតមានជម្រើសកាន់តែច្រើនសម្រាប់ការកម្សាន្តដូចពេលបច្ចុប្បនេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព