រាជធានីភ្នំពេញ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងសរុបចំនួន១០នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកឃាត់ខ្លួនបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបន្ទាប់ពីក្របួចបាន កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ខណៈពេលដែលពួកគេកំពុងតែជួបប្រមូលម្តុំគ្នាចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅតំបន់ត្រឡោកបែក តាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិទី១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមកងរាជអាវុធហត្ថទួលគោកបានអោយដឹងថា ដោយមានរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានពីសកម្មភាពចែកចាយគ្រឿងញៀននៅតំបន់ស្មុគស្មាញត្រឡោកបែក អាជ្ញាធរ ក៍បានចុះធ្វើរដ្ឋបាល ហើយក៍បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ក្នុងនោះ មានស្ត្រីម្នាក់បានកាត់សក់តែងខ្លួនធ្វើជាប្រុស កំពុងតែជួបប្រមូលម្តុំគ្នា ចែកចាយប្រើប្រាស់ព្រមទាំងដកហូត បានថ្នាំញៀន ប្រភេទម៉ាទឹកកចំនួន៦កញ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួន ។
ជនសង្ស័យទាំង១០នាក់ខាងលើនេះមិនស្គាល់អត្តសញ្ញាណនោះទេ ។ ក្នុងចំណោមជនសង្ស័យទាំង១០នាក់ មាន៣នាក់ជាអ្នកចែកចាយគ្រឿងញៀន និង៧នាក់ទៀតជាអ្នកប្រើប្រាស់គ្រឿងញៀន ។
ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ដើម្បីបញ្ជូនបន្តទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕ ត្នោត