ភ្នំពេញ៖ ដោយសារតែវិបត្តិកូវីដ១៩ បានធ្វើឲ្យហាងកាហ្វេដែលធ្លាប់តែជាកន្លែងធ្វើការ កន្លែងសិក្សាស្រាវជ្រាវ និងជាទីណាត់ជួបក្នុងគោលដៅផ្សេងៗ បែជាស្តាត់ជ្រងំ។ ប៉ុន្តែថ្មីនេះ គេសង្កេតឃើញថា ហាងកាហ្វេបានចាប់ផ្តើមមានភាពអ៊ូអរឡើងវិញហើយ។
និន្នាការយកហាងកាហ្វេធ្វើជាកន្លែងជួបជុំធ្វើការ ជារបត់រស់នៅក្នុងសម័យថ្មីរបស់មនុស្សមួយចំនួន បានធ្វើឲ្យហាងកាហ្វេជារីកដុះដាលយ៉ាងច្រើននៅភ្នំពេញ។ នេះមិនរាប់ពីកន្លែងលក់កាហ្វេចល័តផ្សេងៗទៀតផង។
ទោះបីរងនូវព្យុះពីកូវីដ១៩ យ៉ាងណាក្តីអាជីវកម្មលក់កាហ្វេហាក់មិនថមថយនោះឡើយ ។ បច្ចុប្បន្ននេះ អាជីវកម្មនេះបានដំណើរការសឹងដូចដើមឡើងវិញហើយ ។
រស្មី ជាបុគ្គលិករបស់ហាងកាហ្វេមួយនៅម្តុំទួលគោក បាននិយាយថា ហាងកាហ្វេរបស់គាត់មានភ្ញៀវមកទទួលទានសឹងស្មើ កាលពីពេលមិនទាន់ជំងឺកូវីដ១៩ហើយ ។ មានវត្តមានភ្ញៀវឡើងវិញបានធ្វើឲ្យបុគ្គលិកនៅក្នុងហាងគាត់ចំនួន១២នាក់មានការងារធ្វើជាធម្មតាឡើងវិញ ។
ចាប់ពីខែកុម្ភៈ មកដល់ពាក់កណ្កាលកក្កដានេះ ម្ចាស់ហាង គាត់បានតម្រូវឲ្យពួកខ្ញុំចែកវេនធ្វើការ គឺពួកគេយើងធ្វើការមួយថ្ងៃឈប់ពីរថ្ងៃពីព្រោះហាងត្រូវការបុគ្គលិកពីរនាក់ប៉ុណ្ណោះ ក្នុងមួយវេន ដោយសារមិនសូវមានភ្ញៀវ ។ តែឥឡូវភ្ញៀវរបស់យើងបានវិលមកវិញ ពួកខ្ញុំបានមកធ្វើការងារជាធម្មតា។ នេះបើតាមការបញ្ជាក់របស់ រស្មី។
បុគ្គលិកធ្វើការនៅហាងកាហ្វេ ខាងលើនិយាយថា អតិថជនមកទទួលទាននៅហាងគាត់ គឺជាមនុស្សដែលចូលចិត្តរស់ជាតិកាហ្វេខ្លាំង ត្បិតអីកាហ្វេនៅទីនោះជារស់ជាតិកាហ្វេបែបអឺរ៉ុប ។ ក្រៅការផ្តល់ជូនឲ្យភ្ញៀវនូវរស់ជាតិកាហ្វេដ៍ឈ្ងុលឆ្ងាញ់ហើយ ហាងកាហ្វេមួយនេះបានផ្តល់ជូនឲ្យភ្ញៀវនៅបរិយាកាសស្ងប់ស្ងាត់ និងបែបធម្មជាតិទៀតផងពីព្រោះអតិថជនរបស់គេបានយកហាងហ្វេនេះធ្វើជាកន្លែងធ្វើការជាទីណាត់ជួប ដើម្បីពិភាក្សាការងារផ្សេងៗផងដែរ ។
រស្មីបាននិយាយថាអតិថជនរបស់ហាងគាត់ជាមនុស្សដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅអ្នកខ្លះជានិស្សិត ជាពាណិជ្ជករ និងជាបុគ្គលិកនិងអង្គការ ក្រៅរដ្ឋាភិបាលជាដើម។
លោក អៀ សំណាង កំពុងអង្គុយទទួលទានការម្នាក់ នៅក្នុងចំណោមអ្នកទទួលទានកាហ្វេដែលអ្នកខ្លះកំពុងជជែកគ្នាតិច ជាសំណើច លាយលំនិងសំឡេងស្លាបព្រា សម ដែលមនុស្សខ្លះកំពុងទទួលទានអាហារ។ នៅលើតុកាហ្វេរបស់សំណាងមានកាហ្វេមួយកែវនិងកុំព្យូទ័រយូរដៃមួយ។ បុរសវ័យប្រហែល៤០ឆ្នាំរូបនេះ បាននិយាយថា ដោយសារគាត់ញៀននឹងការហ្វេ ហើយគាត់មានការងារត្រូវធ្វើតាមអនឡាញជាទម្លាប់ហើយនោះ ទោះបីកាលពីអំឡុងពេលស្ងប់ស្ងាត់ដោយសារកូវីដ១៩ ក៍លោកប្រថុយចេញពីផ្ទះ មកអង្គុយធ្វើការនៅហាងកាហ្វេដែរ។
លោកនិយាយថា «ហាងកាហ្វេនេះផ្តល់អំណោយផលឲ្យខ្ញុំមានអារម្មណ៍ល្អក្នុងការធ្វើការងារ។ នៅទីនោះមិនអ៊ូរអរដូចហាងផ្សេងពីខ្ញុំឃើញថាមនុស្សមកទីនេះ គឺមកធ្វើការ មកសិក្សា និងជជែកពីការងារ ។ ពួកគេយល់ជានិងក្លាចចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យបរិយាសស្ងប់ស្ងាត់ល្អ» ។ ភ្នែកសម្លឹងកុំព្យូទ័រ លោកសំណាង ពោលបន្ថែមថា «តាមពិតកាលពីពេលមនុស្សមិនចេញក្រៅផ្ទះ ដោយសារកូវីដ១៩ បរិយាកាសនៅទីនេះកាន់តែល្អសម្រាប់ខ្ញុំ ។ ប៉ុន្តែឥឡូវលោកមើលចុះ ស្ថានភាពវិលទៅរកភាពប្រក្រតីវិញហើយ» ។
លោកសំណាងនិយាយបែបនេះ មកកាន់ខ្ញុំដែលជាអ្នកកាសែត។ បីបួឆ្នាំហើយ ដែលពលរដ្ឋកម្ពុជាពិសេសអ្នករស់នៅភ្នំពេញ បាននិយមជួបជុំគ្នានៅហាងកាហ្វេ ហើយហាងកាហ្វេបានរីកដូចផ្សិត។ ប៉ុន្តែមានអ្នកខ្លះរអ៊ូថាកាហ្វេស្រុកខ្មែរថ្លៃណាស់។ ជាមធ្យម កាហ្វេនៅកន្លែងក្នុងហាង ដែលមានបរិយាកាសល្អ រស់ជាតិកាហ្វេឆ្ងាញ់នោះមួយកែវ មានតម្លៃ៤ឬ៥ដុល្លារ។
អ្នកសេដ្ឋកិច្ចខ្លះធ្លាប់លើកឡើងថាពលរដ្ឋកម្ពុជាដែលនិយមទទួលទានកាហ្វេ អាចចំណាយច្រើនលើភេជ្ជៈមួយនេះ ដោយមិនដឹងខ្លួន។ អ្នកខ្លះទទួលទានកាហ្វេលើសពី១កែវក្នុងមួយថ្ងៃទៀត។ ទោះជាពេលនេះហាងកាហ្វេ បានដំណើរឡើងវិញប៉ុន្តែវិធានការការពារជំងឺកូវីដ១៩ ដូចជារក្សាគន្លាតពីគ្នា ការធ្វើអនាគម័យក្នុងហាង និងការផ្តល់អាកុលឬទឹកលាងដៃ ជាអ្វីដែលគេមិនត្រូវភ្លេចឡើយ។
ក្រសួងសុខាភិបាលនៅតែដាស់តឿនពលរដ្ឋឲ្យប្រកាន់ឲ្យបានខ្ជាប់ ធានការរបស់ក្រសួងពីព្រោះ ថាស្ថានការណ៍កូវីដជាសកលមិនទាន់ធូរស្រាលឡើយដរាបណាគ្មានវ៉ាកសាំងនិងថ្នាំព្យាបាលនោះ៕ ត្នោត