ក្នុងកំឡុងពេលដែលជំងឺកូវីដ ១៩ បានបង្ខំឲ្យមនុស្សជាច្រើននៅផ្ទះច្រើនជាងមុននោះ វាមិនចាំបាច់ជាពេលដែលធុញទ្រាន់ ឬស្មុគស្មាញឡើយ ។ ផ្ទុយមកវិញការចំណាយពេលនៅផ្ទះអាចជាពេលដែលអ្នកសប្បាយបំផុតប្រសិនបើអ្នកចេះរៀបចំពេលវេលាបានត្រឹមត្រូវ ។ ខាងក្រោម គឺជាយោបល់មួយចំនួនទាក់ទិននឹងអ្វីដែលអ្នកគួរថ្វើពេលនៅម្នាក់ឯងដើម្បីកាន់តែជោគជ័យក្នុងការងារ អាជីវកម្ម និងជីវិត ។
១. រៀបចំជីវិតឡើងវិញ
ជាក់ស្តែង ផែនការជីវិតរបស់មនុស្សចៀសមិនផុតពីការផ្លាស់ប្តូរទៅតាមស្ថានការទេ ។ តាំងពីការផ្ទុះជំងឺកូវីដ ១៩ កន្លងមក គម្រោងការប្រចាំឆ្នាំ ឬសម្រាប់ប៉ុន្មានឆ្នាំខាងមុខអាចនឹងផ្លាស់ប្តូរដែរដូច្នេះអ្នកគួរតែចំណាយពេលដែលទំនេរនៅម្នាក់ឯងដើម្បីរៀបចំជីវិតរបស់អ្នកឡើងវិញ ។
វិធីងាយៗក្នុងការធ្វើដូច្នេះរួមមាន ការរៀបចំផែនការសម្រាប់ឆ្នាំក្រោយ ការរៀបចំផ្ទះ ឬការិយាល័យធ្វើការ លុបសារដែលមិនមានប្រយោជន៍ កំណត់គោលដៅថ្មី រៀបចំគម្រោងចំណាយឡើងវិញ ធ្វើលំហាត់ប្រាណ និងកំណត់នូវអ្វីដែលអ្នកត្រូវផ្តោតស្មារតីលើច្រើនជាងគេសម្រាប់ថ្ងៃអនាគត ។
២. រៀនអ្វីដែលថ្មី
បើអ្នកមានពេលទំនេរ អ្នកគួរតែប្រើវាលើការរៀនសូត្រដូចជាការៀនអនឡាញ ឬការអានសៀវភៅដើម្បីពង្រឹងជំនាញដែលអ្នកមានស្រាប់ ឬរៀនពីជំនាញថ្មីៗដែលនឹងជួយដល់អ្នកជាដើម ។ លើសពីនេះទៅទៀត អ្នកក៏អាចរៀនពីជំនាញ ឬភាសាដែលមិនជាប់ពាក់ព័ន្ធនឹងការងាររបស់អ្នកដែរ ។
៣. ចែករំលែកចំណេះដឹងជាមួយអ្នកដទៃ
បើអ្នកបានរៀននូវអ្វីដែលថ្មីៗហើយ អ្នកមិនគួរធ្វើជាអ្នកជំនាញតែម្នាក់ឯងទេ ។ អ្នកអាចរៀបចំកម្មវិធីចែករំលែកចំនេះដឹងអនឡាញ ឬនៅក្រៅផ្ទាល់ជាក្រុមតូចៗ ។ ការចែករំលែក និងបង្រៀនដល់អ្នកដទៃអាចពង្រឹងដល់ជំនាញក្នុងការទំនាក់ទំនង បង្កើនចំណេះដឹង ពង្រឹងសមត្ថភាពក្នុងការដឹកនាំ និងព្រមទាំងជួយផ្សព្វផ្សាយឈ្មោះរបស់អ្នកក្នុងវិស័យផងដែរ ។
៤. ធ្វើកិច្ចការដើម្បីខ្លួនឯង
មនុស្សម្នាក់ៗតែងតែមាននូវអ្វីដែលពួកគេចង់ធ្វើតែមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើវា ដូចជាការរៀបចំបន្ទប់ ជួសជុលអ្វីដែលខូចក្នុងផ្ទះ ឬការអានសៀវភៅជាដើម ។ មិនថាអ្នកចង់ធ្វើអ្វីទេ វាជាពេលល្អក្នុងការចាប់ផ្តើមធ្វើវាដើម្បីខ្លួនឯងព្រោះវាមិនត្រឹមតែជួយឲ្យអ្នកសម្រេចកិច្ចការដែលអ្នកចង់ធ្វើជាយូរមកហើយទេ តែវាថែមទាំងជួយឲ្យអ្នកមានអារម្មណ៍ល្អថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព