រាជធានីភ្នំពេញ៖ ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងស្ថានប័ននីមួយៗពិតជាសំខាន់ ហេតុនេះក្រុមហ៊ុននានា ទោះតូចក្តី ធំក្តី ឬអាជីវកម្មទើបចាប់ក៏ដោយ គួរតែគិតដល់ផ្នែកគណនេយ្យ ឬផ្នែកហិរញ្ញវត្ថុជាសំខាន់។ នេះជាការលើកឡើង របស់ប្អូនស្រីម្នាក់ដែលមានបទពិសោធន៍ច្រើន ក្នុងការចាប់ផ្តើមអាជីវកម្មដំបូងក្នុងវ័យក្មេងខ្ចី។
«សុំផ្តល់តម្លៃទៅឱ្យគណនេយ្យករ ឬអ្នកខាងផ្នែកហិរញ្ញវត្ថុ បើទោះបីអាជីវកម្មតូចក្តី និងទើបតែចាប់ផ្តើម សូមកុំចាំរហូតដល់ក្រុមហ៊ុនធំធាត់បានរកអ្នកគណនេយ្យ ត្រូវចាប់ផ្តើមតាំងពីក្រុមហ៊ុនបើកដំណើរការ» ។ នេះជាការបញ្ជាក់របស់លោកស្រី ប៊ី ឧដ្ឋានវតី គឺជានាយកគ្រប់គ្រង នៃក្រុមហ៊ុន អ៊ែរ តេ អ៊ែរ ទួស៌ ខូអិលធីឌី (RTR Tours Co., Ltd) បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ហើយលោកស្រី ក៏ជាស្ថាបនិក ក្រុមហ៊ុនអ៊ីនធរស៊ីមខូអិលធីឌី (Interexim Co., Ltd) ផងដែរ ។
មានរាងតូចច្រឡឹងខ្ពស់ស្រឡះល្មម លោកស្រី ប៊ី ឧដ្ឋានវតី បាននិយាយថា គាត់ចាប់ផ្តើមប្រឡូកក្នុងការបើកធ្វើអាជីវកម្ម តាំងពីគាត់មានអាយុ២៥ឆ្នាំ ក្នុងនោះមានការបរាជ័យច្រើនណាស់ ប៉ុន្តែអ្នកនាងមិនគិតថាបោះបង់ចោលភាពព្យាយាមនោះទេ ។
លោកស្រី ឧដ្ឋានវតី បានបន្តថា «ខ្ញុំបានឆ្លងកាត់ផ្ទាល់ នៅពេលខ្ញុំបើកក្រុមហ៊ុន មានបុគ្គលិកត្រឹម ៥នាក់អីនឹង ខ្ញុំមិនបានរកខាងគណនេយ្យករមកធ្វើការទេ ខ្ញុំគិតថា ខ្ញុំចេះខាងនឹងខ្លះៗ ដូចនេះការងារនឹងខ្ញុំអាចធ្វើបាន ។ តែវាបែរជាផ្ទុយការគិតរបស់ខ្ញុំនៅពេលខ្ញុំជាម្ចាស់ផង លក់ផង ធ្វើការទំនាក់ទំនង ធ្វើបញ្ជីចំណូលចំណាយផង គឺវាពិតជាពិបាកណាស់»។
លោកស្រី ឧដ្ឋានវតី មានប្រសាសន៍បញ្ជាក់បន្ថែមថា ហើយប្រសិនបើគាត់បានរៀបចំក្រុមការងារគណនេយ្យករតាំងដំបូង លោកស្រីជឿថា មិនយូរទេក្រុមហ៊ុន នឹងមើលឃើញថា ចំណេញប៉ុណ្ណាខាតបង់ប៉ុណ្ណា នៅពេលដែលយើងដឹងអំពីចំណូលចំណាយហើយ ។ ឧទារហណ៍ថាខាត ដូចនេះនឹងអាចធ្វើការវាយតម្លៃបានហើយថា តើនឹងត្រូវដោះស្រាយយ៉ាងម៉េច គួរតែបន្តអាជីកម្មនេះទៀត ឬត្រូវរត់រកជំនួយពីប្រភពណាមួយ ។
លោកស្រីបានបញ្ជាក់ថា នៅពេលអាជីវកម្មមួយពុំមានផ្នែកគណនេយ្យ ជួលកាលជាក់ស្តែងយើងឃើញមានប្រាក់ចំណូលរហូត តែមិនបានគិតនឹងប្រាក់ចំណាយ ប៉ុន្តែដល់ទីបំផុត ពេលសរុបប្រាក់ចំណូលក្នុងមូយឆ្នាំៗ មិនឃើញប្រាក់ចំណេញសោះ ។
ស្ត្រីរូបស្រស់វ័យក្មេងរូបនេះ បានបន្តថា «អ្នកបើកអ្នកជីវកម្មមួយចំនួនគាត់មិនចង់មានការរើសយកអ្នកគណេន្យករទេ ដោយសារគាត់គិតថា អាជីវកម្មគាត់នៅថ្មីនៅមានទ្រង់ទ្រាយតូចពេក ឬជាក្រុមហ៊ុនតូចតាចពួកគាត់គិតថា ជួលគណនេយ្យ មកគឺខ្ចះខ្ចាយលុយ ព្រោះគណនេយ្យករអាចនឹងត្រូវបង់ថ្លៃប្រាក់ច្រើន ។ ប៉ុន្តែបើគិតឱ្យបានត្រឹមត្រូវ ក្រុមការងារគណនេយ្យករ ក៏អាចរកពួកគាត់បាន តាមរយៈថវិកាដែលយើងមានដែរ (ប្រាក់ខែជួលពួកគាត់)»។
លោកស្រី ចង់មានន័យថា ក្រុមហ៊ុនធំ ឬតូចមិនសំខាន់ទេ សំខាន់យើងដឹងរាល់ការចំណេញ និងការចំណាយច្បាស់លាស់ ហើយប្រសិនជាយើងចាំដល់ក្រុមហ៊ុនរីកចំរើនដល់ធំ ចុះចំណូលចំណាយកាលពីក្រុមហ៊ុននៅតូចនោះ តើបានដឹងយ៉ាងម៉េច ថាចុះមួយឆ្នាំៗ ដែលយើងប្រឹងចាប់ផ្តើមនេះ នូវសល់អ្វីខ្លះ? ៕ ត្នោត