អង្គការសិទ្ធិមនុស្សសង្ឃឹមថារដ្ឋាភិបាលមិនភ្លេចសន្យាដោះលែងអ្នកជាប់ឃុំ១ម៉ឺននាក់ឆាប់ៗនេះ
រាជធានីភ្នំពេញ៖ អង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានប្រកាសថា ខ្លួនសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជារក្សាការសន្យាថា នឹងដោះលែងអ្នកជាប់ឃុំចំនួន ១ម៉ឺននាក់ ក្នុងនោះមានអ្នកដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរីរុសកូវីដ១៩ និងអ្នកជាប់ឃុំដទៃទៀតដែលបានប្រព្រឹត្តបទល្មើសស្រាល ក៏ដូចជាស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំងអ្នកជាប់ឃុំជាអនីតិជនផងដែរ ។
អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា គ្រប់ពន្ធនាគារដែលខ្លួនបានឃ្លាំមើល កំពុងប្រឈមនឹងបញ្ហាចង្អៀតណែនយ៉ាងខ្លាំង ។ អ្នកជាប់ឃុំក្នុងពន្ធនាគារ បានកើនឡើងពីចំនួន ២១៩០០នាក់ នៅចុងឆ្នាំ២០១៦ ដល់ចំនួន ៣៨៩៩០នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២០ ទោះបីជាពន្ធនាគារនៅកម្ពុជាត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុកមនុស្សបានត្រឹមតែ ២៦៥៩៣នាក់ ក៏ដោយ ។«ការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ដែលគួរតែអនុវត្តជាជម្រើសចុងក្រោយផ្អែកតាមច្បាប់អន្តរជាតិ បានបង្កើតឱ្យមានប្រព័ន្ធនៃការឃុំខ្លួនធំសម្បើម ដែលជិត ៧៥%នៃអ្នកជាប់ឃុំទាំងនេះ មិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ»។
អ្វីដែលជាមូលហេតុនាំឲ្យសង្គមស៊ីលសង្ឃឹមថារដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំនាពេលនេះ គឺសំអាងលើការអះអាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លីកាដូលើកឡើងថា កាលពីខែឧសភា រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសអំពី ការកែទម្រង់ជាច្រើននៃប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ។
កំណែទម្រង់ដែលបានសន្យាទាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងជាច្រើន ដែលមិនទាន់បានជំនុំជម្រះនៅតាមតុលាការនានា និងដោះស្រាយបញ្ហាចង្អៀតណែនខ្លាំងនៅក្នុងពន្ធនាគារ តាមរយៈការពង្រីកមធ្យោបាយផ្សេងទៀតក្រៅពីការឃុំឃាំងដូចជា ការដោះលែងឱ្យនៅក្រៅឃុំ និងការព្យួរទោសជាដើម បន្ថែមពីលើការដោះលែងមុនពេលកំណត់ និងដោយមានលក្ខខណ្ឌ សម្រាប់អ្នកជាប់ឃុំ បច្ចុប្បន្ននេះ ។
ដោយឡែកកាលពីខែឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសន្យាថា អ្នកជាប់ឃុំរហូតដល់១០០០០នាក់ នឹងត្រូវដោះលែងនៅទូទាំងប្រទេស ដោយលើកឡើងពីហានិភ័យនៃការឆ្លងរីករាលដាលវីរុសកូវីដ១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារប្រទេសកម្ពុជា ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី២៣កក្កដានេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព