ខេត្តសៀមរាប ៖ តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ កន្លងទៅនេះថា ជនសង្ស័យចំនួន២ក្រុម សរុបមានគ្នាចំនួន៨នាក់ ដែលបាននាំគ្នាចូលផឹកក្នុងហាងមួយកន្លែង ហើយក៏បានទាស់ពាក្យសម្តីគ្នា រហូតឈានដល់ការវាយតប់គ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ហើយត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។
ហេតុការណ៍ចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងបន្តថា ជនសង្ស័យទាំង៨នាក់ខាងលើនេះរួមមាន៖១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្ត សៀមរាប ២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
៥-ឈ្មោះ ឡុញ យូណាថាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ៦-ឈ្មោះធឹម សុធន ភេទប្រុស អាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ៧-ឈ្មោះ សួន ពិសែន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និង៨-ឈ្មោះ ប៉ូ សុងហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសិប្បកម្មឈើ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ក្រុមជនសង្ស័យចំនួន២ក្រុម មានគ្នាសរុប៨នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខាងលើ បន្ទាប់មកក៏មានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី រហូតឈានដល់ការអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកដោយយកកៅអីដែកគប់គ្នាទៅវិញទៅមក បណ្ដាលឱ្យម្នាក់រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុ ហើយបានធ្វើការនាំខ្លួនជនសង្ស័យទាំង៨នាក់ខាងលើមកធ្វើការសួរនាំ ។ បន្ទាប់ពីការសាកសួរ ជនសង្ស័យទាំង៨នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានចូលផឹកស៊ី ហើយបានទាស់ពាក្យសម្តីគ្នា និងប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកប្រាកដមែន ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២ក្រុមនេះទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព