រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងរបស់មិត្តភក្តិទៅបញ្ចាំ ខណៈពេលទាំងជនសង្ស័យ និងជនរងគ្រោះនាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់ ។ បន្ទាប់ពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះព្យាយាមតាមរកជនសង្ស័យគ្រប់ទីកន្លែង លុះជាង២ខែក្រោយមកក៏ប្រទះឃើញជនសង្ស័យ ទើបចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះបង្កអោយមានការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្បែររោងចក្រទឹកកក តាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សុខន វីថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាជាងដែក ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន។ ចំណែកជនសង្ស័យឈ្មោះ អ៊ុំ វុធ្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ ។ រីឯម៉ូតូមួយគ្រឿដែលត្រូវជនសង្ស័យយកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IB-9414 ។
តាមប្រភពពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់និងជនសង្ស័យគឺជាមិត្តភក្តិនឹងគ្នាតាំងតែពីនៅតូចៗមកម្ល៉េះ។ មុនពេលកើតហេតុ កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ គាត់និងជនសង្ស័យ រួមជាមួយមនុស្សស្រីម្នាក់ទៀត បានទៅដើរលេងជាមួយគ្នារហូតដល់យប់ជ្រៅ។ បន្ទាប់មកពួកគាត់ទាំងបីនាក់ក៏បានទៅជួលបន្ទប់ដេកនៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពដដែលបានបន្តថា នៅពេលគាត់ដេកលង់លក់ ស្រាប់តែជនសង្ស័យក៏បានឆ្លៀតឱកាសលួចយកសោម៉ូតូរបស់គាត់ជិះទៅបាត់ស្រមោល ។ លុះពេលព្រឹកឡើង ពេលគាត់ងើបពីដេក ទើបដឹងថា ជនសង្ស័យបានលួចយកម៉ូតូរបស់គាត់ជិះចេញទៅបាត់ ក៏មានការឆោឡោកើតឡើង រួចគាត់រត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋ
បាលអូបែកក្អម ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការអន្តរាគមន៍តែម្តង។
តាមប្រភពដដែលបានបន្តថា ក្រោយពីជនសង្ស័យបានលួចយកម៉ូតូទៅបាត់ គាត់ក៏ព្យាយាមដើររកគ្រប់ទីកន្លែង និងបានទៅសួរនាំដល់ផ្ទះរបស់ជនសង្ស័យថែមទៀតផង ប៉ុន្តែឪពុកម្ដាយរបស់ជនសង្ស័យមិនទទួលខុសត្រូវចំពោះការបាត់បង់ម៉ូតូរបស់គាត់នោះទេ។ លុះដល់វេលាកើតហេតុខាងលើ ខណៈពេលដែលគាត់និងប្អូនប្រុសម្នាក់ទៀត ជិះម៉ូតូមកពីដើរលេង ក៏បានប្រទះឃើញជនសង្ស័យកំពុងដើរតែម្នាក់ឯង នៅត្រង់ចំណុចកើតហេតុខាងលើ ទើបនាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ ម៉ូតូនោះគឺខ្លួនបានយកទៅដាក់បញ្ជាំនៅម្តុំឃ្លាំងរំសេវ ក្នុងតម្លៃ៥០០ដុល្លារ ចំណែកឯលុយដែលបានមកពីការបញ្ជាំម៉ូតូនោះ គឺខ្លួនបានយកទៅចាយវាយ និងលេងល្បែងអស់បាត់ទៅហើយ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំចាត់ការទៅតាមនីតិវិធីជាបន្តទៀត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព