ខេត្តរតនគិរី ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជនរងគ្រោះយកអង្រឹងទៅចងជាមួយនឹងទូឈើដាក់ខោអាវ ហើយឡើងជិះ រួចប្រះខ្លួនដេក ស្រាប់តែដួលរលំទូនោះសង្កត់ពីលើត្រូវចំក្បាល បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតតែម្តង។
ហេតុការណ៍ខាងលើនេះបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
តាមប្រភពពីមន្ត្រីនគរបាលស្រុកលំផាត់បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង នូវ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកអង្រឹងទៅចងជាប់ជាមួយនឹងទូឈើដាក់ខោអាវមួយ ហើយក៏ឡើងជិះ និងប្រះខ្លួនដេកទៅក្នុងអង្រឹងនោះតែ ស្រាប់តែទូឈើមួយនោះក៏បានដួលរលំទាំងកំរោលសង្កត់ពីលើជនរងគ្រោះត្រូវចំក្បាលបែក បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការស្រុកលំផាត់និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបាឃុំតាងក៏បានចុះទៅដល់ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យហើយក៏បានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព