តាំងពីភ្ញាក់ពីដំណេកដឹងខ្លួនឡើងកាលណា ត្រចៀកជួបនឹងសំឡេង ភ្នែកជួបនឹងរូប ច្រមុះជួបនឹងក្លិន អណ្តាតជួបនឹងរសជាតិ កាយប៉ះនឹងវត្ថុគ្រប់យ៉ាង ។ អារម្មណ៍ទាំងនេះ ខ្លះជាទីពេញចិត្តនាំឱ្យសប្បាយរីករាយ តែខ្លះក៏ជាទីស្អប់ខ្ពើមនាំឱ្យខឹងមួម៉ៅក្តៅក្រហាយដោយវិបត្តិផ្សេងៗព្រោះជាចិត្តបុថុជ្ជន ។
ជារឿងធម្មតាទៅហើយ បុថុជ្ជនតែងជួបនូវអារម្មណ៍គឺជួបនូវហេតុការណ៍គ្រប់បែបយ៉ាងរាល់នាទីនៃជីវិត ខណៈនេះបើយើងមិនបានអប់រំចិត្តឱ្យល្អ ជាចិត្តមូលមកក្នុងបេះដូងតែមួយទេ នឹងកើតក្តីវិបត្តិ សោមនស្ស ទោមនស្ស ស្រឡាញ់ ស្អប់ សុខ ទុក្ខ ដោយប្រការណាមួយមិនខាន ។
ប៉ុន្តែព្រះអរិយបុគ្គលដែលជាមនុស្សដ៏ប្រសើរមានចិត្តស្អាតបរិសុទ្ធ ចាកកិលេសហើយនោះ លោកមិនសោយសោកក្តៅក្រហាយ សោមនស្ស ទោមនស្សនឹងអារម្មណ៍ទាំងនោះឡើយ ។
ដូចនេះការព្យាយាមអប់រំចិត្តរហូតបានជាចិត្តមិនសោកសៅ មិនជាប់ជំពាក់ ឈ្មោះថាជាអ្នកអប់រំចិត្តបានល្អហើយ ។ដោយ៖កោះសន្តិភាព