ចិត្តស្អាតជាចិត្តបរិសុទ្ធចាកកិលេសទាំងឡាយមិនឱ្យជាប់ជំពាក់ក្នុងអកុសលមូលជាដើម ។ បុគ្គលដែលចិត្តស្អាតបរិសុទ្ធបែបនេះឈ្មោះថាជាអ្នកសម្បូរដោយសេចក្តីចម្រើនក្នុងដំណើរជីវិត ។
ព្រះបរមសាស្តាទ្រង់សម្តែងថា ចិត្តស្អាតបរិសុទ្ធបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនប្រឡាក់ដោយកិលេសទាំងបីគឺ មិនប្រឡាក់ដោយលោភៈ ដែលជាចិត្តជាប់ជំពាក់នឹងសម្ភារគ្រប់យ៉ាង១ មិនប្រឡាក់ដោយទោសៈជាចិត្តថ្នាំងថ្នាក់ ក្រោធខឹង ជាប្រភពនាំឱ្យកើតហិង្សា១ មិនប្រឡាក់ដោយមោហៈដែលជាចិត្តវង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្តីសង្ស័យនិងរាយមាយឥតខ្មាសឥតខ្លាចអំពើទុច្ចរិត១ ។
បុគ្គលដែលបានដុសខាត់ចិត្តឱ្យបានទៅជាចិត្តបរិសុទ្ធស្អាតចាកកិលេសទាំងឡាយបែបនេះជាអ្នកដែលបរិបូណ៌ដោយសិរីសួស្តី សុខចម្រើនក្នុងជីវិត ។