ភ្នំពេញ៖ ប្រជាពលរដ្ឋប្រាំមួយភូមិនៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំគ្នាភ្ញាក់ផ្អើលជំងឺចម្លែកមួយកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ។ ពួកគេបានចេញរោគសញ្ញា គ្រុនក្តៅ៣៨អង្សារសេ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។
ក្រសួងសុខាភិបាលនៅព្រឹកនេះបានឲ្យដឹងថា នោះជាជំងឺឈីកគន់ហ្គាន់យ៉ាដែលធ្លាប់កើតមាននៅកម្ពុជា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅឆ្នាំ១៩៦១ និងបន្ទាប់មកនៅឆ្នាំ ២០១១។ ក្រសួងបញ្ជាក់ថា ជំងឺគ្រុនឈិក ជាជំងឺបង្កឡើងដោយវីរុសឈិក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេសខាំនៅពេលថ្ងៃ។ ភ្នាក់ងារចម្លង គឺសត្វមូសប្រភេទក្រុមអាអេដេស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមផងដែរ។ រោគសញ្ញារួមមាន គ្រុនក្តៅស្រួចស្រាវសើសពី ៣៩ អង្សារសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អូតចង្អោរ អស់កំលាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងន្ទួលក្រហមលើស្បែកដៃ។
ដើម្បីការពារជំងឺនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញវិធានការ៤សំខាន់ៗសម្រាប់ប្រជាពលរដ្ឋធ្វើការអនុវត្ត។ ទី១ បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ លុបបំបាត់គម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ ការពារកុំឲ្យមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងបើថ្នាំអាបែតដាក់ក្នុងពាង ឬអាងស្តុកទឹក ជារៀងរាលអាទិត្យ។
ទី២ស្លៀកពាក់ខោជើងវែង អាវវែង និងស្រោមជើង ធ្វើយ៉ាងណាគ្រប់ដណ្តប់ភាគច្រើនៃរាងកាយឲ្យជិត ទី៣ ថ្នាំបាញ់ ឬលាប កុំឲ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយមានសុវត្ថិភាពមិនមានផលប៉ះពាល់ទេ ទី៤ សំរាន្តក្នុងមុង រាល់ពេលសំរាន្តនៅពេលថ្ងៃ និងយប់ ព្រមទាំងបើកបង្អូចទ្វារ ឲ្យធំដើម្បីឲ្យពន្លឺថ្ងៃ និងមានខ្យល់ចេញចូលបានល្អ៕ ប៊ុនធឿន