រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ប្រហែលម៉ោង ១០និង៤០ នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសប្រាប់ជនរួមជាតិខ្មែរ ដែលចង់ដឹង នាពេលបច្ចុប្បន្ននេះ គឺកម្ពុជាមានមាសដល់៣៦,៥តោនឯណោះ ។
ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើង បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបំរ៉ុងរបស់ជាតិ ។
សម្តេចបានបញ្ជាក់ថា «ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិ ។ តែនៅមានជនអាក្រក់មួយចំនួនតូចបាន និងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាស ក្នុងពេលមានជម្ងឺឆ្លងកូវីដទី១៩ ព្រោះមិនដែលឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ» ។
សម្តេចតេជោបានបន្តថា «ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់ ។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន៣០តោន តែតាមតួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន ។ នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ ។
យោងតាមសេចក្តីបញ្ជាក់របស់ធនាគារជាតិកម្ពុជា ចុះថ្ងៃទី២៣ កក្កដា ឆ្នាំ ២០២០បានបញ្ជាក់ថា បច្ចុប្បន្នធនាគាររក្សាមាសសរុប ៣៦,៥ តោន ក្នុងនោះរួមមាន ៖ មាសដែលជាកេរ្តិ៍មរតក តាំងពីមុនសម័យសង្គ្រាមមានចំនួន ១២,៤ តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស មាសចំនួន ១៤,១ តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និងមាសចំនួន ១០ តោន ត្រូវបានរក្សាទុកនៅកម្ពុជា ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព