រាជធានីភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរវ៉ាយអូឡេស ដែលមានទីតាំងនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រមាណជា១០០នាក់ ក្នុងចំណោមកម្មករជាង១២០០០នាក់ បានលើកគ្នាមកតវ៉ាដោយមានលើកបដានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសុំឱ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយបញ្ហាចំនួន៥ចំណុច ក្រោយរោងចក្រខាងលើនេះប្រកាសបិទទ្វារ ដោយមិនបានដោះស្រាយតាមច្បាប់ការងារជូនពួកគាត់ ។
ក្រុមកម្មករបានឱ្យដឹងថា រោងចក្រខាងលើបានព្យួរការងាររយៈពេល២ខែ គឺខែឧសភា និងខែមិថុនា ដោយសន្យាថាចូលធ្វើការវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយសារស្ថានភាពកូវីដ១៩ ។ បន្ទាប់ពីព្យួរការងារ រហូតដល់ថ្ងៃកំណត់ត្រូវចូលធ្វើការវិញ ស្រាប់តែរោងចក្របានប្រកាសបិទទ្វារតែម្តង ដោយប្រាប់មូលហេតុថា មកពីបញ្ហាផ្ទុះជំងឺកូវីដ១៩ ហើយគ្មានអ្នកបញ្ជាទិញ ដោយមិនបានដោះស្រាយតាមច្បាប់ការងារជូនកម្មករ ទើបក្រុមកម្មករក៏ធ្វើការតវ៉ាតាំងពីថ្ងៃទី១ កក្កដា មកម៉្លេះ ។
តាមប្រភពដដែលបានបន្តថា រោងចក្រខាងលើបានដំណើរការតាំងពីឆ្នាំ២០០៣មកម៉្លេះ មិនដែលមានបញ្ហាអ្វីនោះទេ ស្រាប់តែពេលនេះថៅកែរោងចក្របានប្រកាសបិទទ្វារដោយសារបញ្ហាកូវីដ១៩ ដោយមិនបានជូនដំណឹង និងដោះស្រាយជូនកម្មករតាមច្បាប់ការងារឡើយ ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីមានក្រុមកម្មករលើកគ្នាតវ៉ាខាងលើនេះដែរ ខាងក្រសួងក៏បានអនុញ្ញាតឱ្យតំណាងកម្មករចំនួន១០នាក់ចូលជួប ដើម្បីយកញត្តិទៅជូនក្រសួង ។
សូមបញ្ជាក់ រោងចក្រខាងលើនេះមានសាខាចំនួន៣ធំៗ ហើយសាខារោងចក្រចំនួន៣នេះនៅដំណើរការជាធម្មតាទេ ។ ដោយឡែកក្រុមកម្មករអះអាងថា ថៅកែរោងចក្រយកលេសថា អត់មានអ្នកបញ្ជាទិញនោះ គឺផ្ទុយស្រឡេះ ដោយសារសាខារោងចក្រចំនួន៣នោះនៅដំណើរការនៅឡើយទេ៕ ត្នោត