ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា ពាក្យសម្ដីដែលនិយាយចាក់ដោត ស៊កសៀត គឺជាសម្តីដែលរើសយករឿងខាងម្ខាងទៅប្រាប់ដល់ម្ខាងទៀតដោយចេតនាប្រាថ្នានឹងឲ្យគេស្អប់ខ្ពើមមនុស្សដែលខ្លួនមិនត្រូវចិត្តនោះហៅថា បិសុណាវាចា ។
បិសុណាវាទនេះបើរឿងនោះជាពាក្យស៊កសៀត ចាក់ដោតមែន តែជារឿងពិត ក៏គ្រាន់តែជាបិសុណាវាទម្យ៉ាងប៉ុណ្ណោះ តែបើរឿងនោះជារឿងមិនពិតវិញ សម្តីចាក់ដោតបែបនេះក៏នឹងបន្ថែមទោសមុសាវាទថែមទៀត ។
អំពើដែលនិយាយចាក់ដោត ស៊កសៀតនេះជាដើមចមនាំឲ្យអ្នកស្ដាប់បែកចេញពីគ្នា ឬក៏អាចឈ្លោះវិវាទចងពៀរនឹងគ្នាទៀតផង ។
មិនតែប៉ុណ្ណោះធ្វើទាំងអ្នកនិយាយនោះឲ្យក្ដៅក្រហាយដល់ខ្លួនឯងវិញក្នុងជាតិនេះក៏មាន និងសោយទុក្ខក្នុងជាតិខាងមុខក៏មាន ដូចសូករប្រេត ដែលរងទុក្ខយ៉ាងខ្លាំងនោះក៏ព្រោះតែទោសដែលនិយាយញុះញង់ឲ្យភិក្ខុពីររូបបែកបាក់គ្នាក៏ដូច្នោះដែរ ។