អ្នកទោសខ្មែរ៣នាក់ ត្រូវបានអាជ្ញាធរថៃ ធ្វើការដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យា ឈប់លួចឆ្លងដែនខុសច្បាប់ ដើម្បីចូលកាប់ឈើលក់ឱ្យឈ្មួញ។
ហេតុការណ៍ដោះលែងនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ កក្កដា ២០២០ តាមច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ដោយថៃបានធ្វើការនាំខ្លួនអ្នកទោសខ្មែរទាំង៣នាក់ មកប្រគល់ខ្លួនឱ្យក្រុមអាជ្ញាធរកម្ពុជាវិញ។
អ្នកទោសខ្មែរ៣នាក់នេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដោយចោទប្រកាន់ពីបទបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង ក្នុងទឹកដីថៃតាមច្រកវាលខ្សាច់។
ការចាប់ខ្លួនអ្នកទោសទាំង៣នាក់ គឺត្រូវបានធ្វើឡើងនៅថ្ងៃនិងកន្លែងខុសគ្នា ដោយជនទី១.ឈ្មោះ កង តូង ភេទប្រុស អាយុ៤៤ឆ្នាំ រស់ដនៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យចាប់ខ្លួន កាលពីថ្ងៃទី១៤តុលា២០១៨ ទី២ឈ្មោះ ឈុន ចាន់រី ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពតចាប់ខ្លួន កាលពីថ្ងៃទី១៣ មិនា២០១៨ និងទី៣ ឈ្មោះឈឿម កាយភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំចាប់ ខ្លួនកាលពីថ្ងៃទី២៧មេសា២០១៧។
ក្រោយការឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ថៃបានសម្រេចធ្វើការដោះលែងអ្នកទាំង៣ ឱ្យត្រឡប់ទៅស្រុកកំណើតវិញ។
ជុំវិញរឿងនេះ អាជ្ញាធរថៃបានធ្វើការអំពាវនាវដល់ភាគីកម្ពុជា ក្នុងការបញ្ឈប់ពលរដ្ឋខ្មែរ មិនឱ្យលួចឆ្លងដែនចូលទៅកាប់ឈើទៀត នៅក្នុងទឹកដីថៃដោយខុសច្បាប់ឡើយ។ ជាមួយគ្នាផងដែរភាគីកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរ ពីហានីភ័យនិងគ្រោះថ្នាក់ នៃការលួចឆ្លងដែនចូលទៅកាប់ឈើ នៅក្នុងទឹកថៃដោយខុសច្បាប់ផងដែរ៕ ដោយ៖ ត្នោត