រាជធានីភ្នំពេញ៖ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យអាកាសចរស៊ីវិល ២០២១-២០២៥ កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្គ្រីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា «ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល ២០២១-២០២៥ ជាកិច្ចការមួយដែលមានសារៈសំខាន់និងចាំបាច់ណាស់ ដែលផ្តោតលើសូចនាករសំខាន់ៗសម្រាប់បម្រើឱ្យវិស័យអាកាសចរស៊ីវិល»។
លោកបានបង្ហាញ យុទ្ធសាស្ត្រទាំង៦ ចំណុចក្នុងការអភិវឌ្ឍវិស័យអាកាសចរស៊ីវិល ដែលរួមមានដូចខាងក្រោម៖
១- យុទ្ធសាស្ត្រទី១៖ ការពង្រឹងសុវត្ថិភាពហោះហើរ ៖ ការពង្រឹងសុវត្ថិភាពហោះហើរ គឺការរក្សាបាននូវសណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពប្រតិបត្តិការអាកាសយាន (ហោះចេញ-ចូលព្រះរាជាណាចក្រកម្ពុជា) ពង្រឹងការគ្រប់គ្រង និងជំរុញឲ្យមានការអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ និងមានទំនុកចិត្ត ។
២- យុទ្ធសាស្ត្រទី២ ៖ ការពង្រឹងសន្តិសុខអាកាសចរស៊ីវិល ៖ ការពង្រឹងសន្តិសុខអាកាសចរ គឺការផ្តល់ទំនុកចិត្តជាលក្ខណៈជាតិ និងអន្តរជាតិ ដោយត្រូវបានធានាតាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវបទដ្ឋានជាតិ និងអន្តរជាតិ ទៅលើសន្តិសុខអាកាសចរស៊ីវិល សំដៅការការពារ ទប់សា្កត់ និងប្រឆាំងរាល់អំពើរំលោភច្បាប់ ដូចជាការបំផ្ទុះ អំពើភេរវកម្ម ការបំផ្លិចបំផ្លាញ ការគំរាមកំហែងដល់ជីវិត និងទ្រព្យសម្បត្តិជាដើម។
៣- យុទ្ធសាស្ត្រទី៣៖ ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិនិងការតភ្ជាប់ការហោះហើរ៖ ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិនិងការតភ្ជាប់ការហោះហើរ គឺការបន្តការខិតខំប្រឹងប្រែង ពង្រឹងនូវកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិល ដើម្បីផ្តល់ជាប្រយោជន៍នៅក្នុងការបង្កើតនិងការធ្វើឱ្យមានភាពសុខដុមនីយកម្មរវាងគោលនយោបាយ និងផែនទីមគ្គុទេសក៏(roadmap)ក្នុងការអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅក្នុងអនុតំបន់ តំបន់ និងពិភពលោកទាំងមូល។
៤- យុទ្ធសាស្ត្រទី៤៖ ការពង្រឹងសេវាកម្មនាំផ្លូវអាកាស ៖ ការពង្រឹងសេវាកម្មនាំផ្លូវអាកាស គឺធានាឱ្យបាននូវការនាំផ្លូវហោះហើរសម្រាប់អាកាសយាន និងសេវាកម្មចរាចរណ៍ដែនអាកាសប្រកបដោយសុវត្ថិភាពខ្ពស់ ធានាបាននូវទំនុកចិត្តក្នុងការផ្តល់សេវាកម្មដោយអនុលោមទៅតាមបទដ្ឋានអន្តរជាតិ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនាំផ្លូវហោះហើរ។
៥- យុទ្ធសាស្ត្រទី៥៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋាន ត្រូវស្របគ្នាទៅនឹងកំណើនអ្នកដំណើរតាមផ្លូវអាកាស និងធ្វើឲ្យវិស័យអាកាសចរស៊ីវិលឆ្លើយតបបានយ៉ាងល្អប្រសើរបំផុតចំពោះតម្រូវការនានារបស់អ្នកប្រើប្រាស់រួមមាន៖ អ្នកដំណើរតាមផ្លូវអាកាស ការចុះចតអាកាសយានប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍអាកាសយានដ្ឋានស៊ីវិល និងជំរុញឲ្យមានការអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសប្រកប ដោយសុវត្ថិភាព ទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។
៦- យុទ្ធសាស្ត្រទី៦៖ ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន៖ ការអភិវឌ្ឍធនធានមនុស្សនិងពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញមូលដ្ឋាន មធ្យម ជាន់ខ្ពស់ រួមទាំង រំលឹកឡើងវិញប្រកបដោយជំនាញជាក់លាក់ ដើម្បីធានាសុវត្ថិភាព សន្តិសុខដែលឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវការ។
មន្ត្រីមានសមត្ថភាព និងជំនាញអាកាសចរស៊ីវិលគ្រប់គ្រាន់ក្នុងការអនុវត្តការងារស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលព្រមទាំងលើកកម្ពស់ការងារគ្រប់គ្រងស្ថាប័ន និងជួយគាំទ្រដល់ការអនុវត្តការងារ បច្ចេកទេស។
គួរបញ្ជាក់ផងដែរថា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល២០២១-២០២៥ គឺស្របនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ ដែលបានជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យរបស់ខ្លួនឱ្យស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ)៕ ត្នោត