ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្ត អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ បានប្រគល់គ្រែអ្នកជម្ងឺចំនួន១៥ គ្រឿង និងភេសជ្ជៈចំនួន២០កេស ព្រមទាំងថវិកាចំនួន២លានរៀល ដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីបំពេញនូវសេចក្តីត្រូវការក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ព្រមទាំងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទូទាំងខេត្តប៉ៃលិន ត្រូវសហការជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាចូលរួមលើកកម្ពស់អនាម័យ ដើម្បីអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនានា ជាពិសេសជំងឺឆ្លងកូវីត-១៩ ។
លោកអភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានាបាននូវការអនុវត្តការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើរពីប្រជាពលរដ្ឋមកវិញ ។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញ ដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
បើតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត កឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរពេទ្យបង្អែកខេត្ត មានអ្នកជំងឺចំនួន ២៨នាក់ កំពុងសម្រាកព្យាបាលជម្ងឺ ក្នុងនោះផ្នែកសម្ភពចំនួន១៤នាក់ ផ្នែកសង្គ្រោះបន្ទាន់ចំនួន៥នាក់ ផ្នែកវះកាត់ចំនួន១១នាក់ និងផ្នែកកុមារចំនួន១១នាក់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព