ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម. x ៧០០ ម. សង់ឡើងនៅរជ្ជកាលព្រះបាទជយវរ្ម័ន ទី ៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ – ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្ដី និងប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃ អង្គរធំ។ ប្រាសាទនេះកសាងឡើងនៅគ្រិស្តសតវត្យរ៍ទី ១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជយវរ្ម័ន ទី ៧ ឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ទីអារាមនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជយវរ្ម័ន ទី ៧ បានផ្តួលរំលំពួកចាម។
ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។
ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជយវរ្ម័ន ទី ៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង គ.ស. ១១៩១។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី (ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។
ទីតាំងដែលមានប្រាសាទសំខាន់បីគឺប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទនាគព័ន្ធត្រូវបានគេដាក់ឈ្មោះថា នគរជយស្រី មានន័យថាទីក្រុងនៃព្រះខ័នជ័យ។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅចំកណ្តាលអតីតនគរជយស្រីសម្រាប់ឧទ្ទិសថ្វាយជូនដល់ព្រះបិតារបស់ព្រះបាទជយវម្ម៌ទី៧ ព្រះនាមធរណិន្រ្ទវម្ម៌ ក្នុងទម្រង់ជាបដិមាព្រះពោធិសត្វអវលោកេស្វរៈ ដែលមាននាមថា ជយវម្ម៌ស្វេរ នៅឆ្នាំ១១៩១។ លើសពីនេះទៅទៀតនៅអឡុងពេលនៃការជួសជុលរាជធានីយសោធរបុរ ឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញ់ដោយកងទ័ពចាម ហើយវាមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនា និងព្រហ្មញសាសនាផង។
ប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុបនិងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជយវម្ម៌ទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ១១៨១។
តាមរយៈព័ត៌មានសិលាចារិកព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះមានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម (ប៉ុន្តែលោកហ្សក សឺដែស្តថា បដិមាទេវៈផ្សេងៗមានចំនួន ៤៣០) និងភូមិចំនួន ១៣,៥០០ ដែលមានតួនាទីថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ (ប៉ុន្តែលោក ហ្សក សឺដែស្ត ថាស្បៀងអាហារជាច្រើនផ្តល់ដោយឃ្លាងព្រះរាជទ្រព្យ ឬដោយភូមិចំនួន ៥៣២៥ ដែលមានមនុស្សទាំងពីរភេទចំនួន៨៧,៨៤០នាក់)។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងព្រលឹងព្រះបិតាព្រះរាជា។