រាជធានីភ្នំពេញ៖ ស្រីខ្មែរអាមេរិកកាំង ដែលបានលួចរត់គេចពីការធ្វើចត្តាឡីស័ក ត្រូវបានពិន័យជាប្រាក់ចំនួន១លានរៀល។ ស្ត្រីរូបនោះបានទទួលស្គាល់កំហុស ព្រមទាំងសន្យាអនុវត្តត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
យោងតាមកិច្ចសន្យារបស់ស្ត្រី លី វីរ៉ារុស (Le Virarose) ជនជាតិខ្មែរសញ្ជាតិអាមេរិកាំង អាយុ ៣៦ ឆ្នាំបានធ្វើកិច្ចសន្យានៅចំពោះមុខរដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយអះអាងនិងសន្យាថា «យល់ព្រមទទួលកំហុសដែលបានប្រព្រឹត្តទៅ នៅវេលាយប់ម៉ោង៦ និង៣០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលមិនបានអនុវត្តតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរីករាលដាលជាអន្តរជាតិ នៃជំងឺក្នុងការគេចវេស (លួចរត់) ក្នុងអំឡុងពេលចិត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមួយកន្លែងនៅភ្នំពេញ» ។
នាងបានបន្តក្នុងកិច្ចសន្យាថា «យល់ព្រមទទួលបង់ពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១លានរៀល ដោយយោងតាមអនុក្រឹត្យស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលនៅក្នុងជំពូក៥ ស្ដីពីទណ្ឌកម្មនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១២៩ អនក្រ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ »។
ក្នុងនោះនាងលី វីរ៉ារុស (Le Virarose) -សន្យាថា នឹងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាលចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដោយមិនគេចវេះ ឬរត់ចេញពីក្នុងបន្ទប់នៃសណ្ឋាគារឡើយ ។
សូមរម្លឹកថានាង លី វីរ៉ារុស បានរត់ចេញពីសណ្ឋាគារមួយនៅក្រុងភ្នំពេញទីកន្លែងនាងធ្វើចត្តាឡីស័ក កាលពីថ្ងៃទី ១៨ កក្កដា ដែលការលួចចេញដោយមិនគោរពតាម វិធានការចត្តាឡីស័ក សម្រាប់គ្រប់គ្រងប្រទេស ក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិ ។ បច្ចុប្បន្ននាងកំពុងត្រូវបានធ្វើចត្តាឡីស័កជាថ្មីនៅខេត្តកំពង់ចាម ៕ ត្នោត