ខេត្តបន្ទាយមានជ័យ៖ «ស្ថានទូតថៃប្រចាំកម្ពុជាសុំអោយបើកច្រកទ្វារអន្តរជាតិស្ទឹងបទ ជាបណ្តោះអាសន្នអោយបានឆាប់ ចំណែកកម្ពុជាថាបើកលឿនកាន់តែល្អ»។ នេះជាការលើកឡើង ក្នុងឱកាសជួបសំណេះសំណាលរវាង មន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា និងមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២០ នៅច្រកអន្តរជាតិស្ទឹងបទ ក្នុងភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានច្រកអន្តរជាតិចំនួន២កន្លែង រួមមាន ទី១-ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឆ្លងកាត់ដើម្បីការពារសណ្តាប់ធ្នាប់និងសន្តិសុខ ទី២-ច្រកទ្វារអន្តរជាតិស្ទឹងបទដែលគ្រោងបើកជាបណ្តុះអាសន្នសម្រាប់រថយន្តដឹកទំនិញឆ្លងកាត់ ។ ចំណែកច្រកតំបន់ចំនួន២កន្លែង រួមមាន ទី១-ច្រកទ្វារព្រំដែនម៉ាឡៃ ស្ថិតស្រុកម៉ាំឡៃ ទី២-ច្រកទ្វារព្រំដែនបឹងត្រកួន ស្រុកថ្មពួក។
លោកបានបញ្ជាក់ថា ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីមន្ត្រីស្ថានទូតថៃចំនួន១២រូប ដែលដឹកនាំដោយលោក ជីរ៉ាវុធ សុវណ្ណអាតជ ជាទីប្រឹក្សាពាណិជ្ជថៃប្រចាំកម្ពុជា ដែលជួបសំណេះសំណាលនិងចុះពិនិត្យការសាងសំណង់រដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបទគឺជម្រុញអោយកម្ពុជាបើកច្រកទ្វារអន្តរស្ទឹងបទជាបណ្តោះអាសន្នអោយបានឆាប់សម្រាប់ដឹកទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ។ ជាការឆ្លើយតបវិញ ខាងកម្ពុជាថា ភាគីថៃបើកកាន់តែលឿន កាន់តែល្អប្រសើរសម្រាប់សេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-ថៃ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា កម្ពុជា-ថៃគ្រោងបើកច្រកទ្វារអន្តរជាតិស្ទឹងបទជាបណ្តោះអាសន្ន ហើយនិងកំពុងស្នើសុំទៅរាជរដ្ឋាភិបាលទាំងពីរសម្រេចពេលណា ហើយរៀបចំមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធធ្វើការតាមកន្លែងនិងជំនាញពេលនោះ និងអគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបទដែលកសាងអោយរួចរាល់រយៈពេល២៤ខែគឺ២ឆ្នាំអោយរួចរាល់ពេលណានិងបើកច្រកទ្វារអន្តរជាតិស្ទឹងបទដំណើរការ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព