ភ្នំពេញ ៖ ឆេះកន្លែងផ្ទះលក់ស៊ុប ម្ហូបអាហារ មួយកន្លែង ខណៈដែលម្ចាស់ផ្ទះបើកចង្ក្រានហ្គាសដើម្បីកំដៅទឹកស៊ុប បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់បានភ្លាមៗ៕
កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលក់ស៊ុបយុីហោ ស្រ ឡៃ ឬ ម៉ៅមៅ ៩៩ ស្ថិតនៅផ្ទះលេខ១៩៣ ផ្លូវអា ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានដឹងថាម្ចាស់ផ្ទះឈ្មោះ សួស នាងសោម៉ា ភេទស្រី ស្ថិតនៅផ្ទះលេខ១៩៣ ផ្លូវអា ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បើតាមការរៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថាមុនដំបូងឡើយរូបគាត់តែងតែយកកំប៉ុងហ្គាសដាក់នៅក្នុងកញ្ច្រែង មួយគរ ហើយក៏មិនដឹងថា ក្នុងចំណោមកំប៉ុងហ្គាសទាំងនោះមានសភាពធ្លុះធ្លាយហ្គាសដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ គ្រាដែលបើកចង្ក្រានហ្គាសធំកំដៅទឹកស៊ុប បែជាអណ្តាតភ្លើងឆាបទៅកំប៉ុងហ្គាសតូចៗក្បែរនោះតែម្ដង
បង្កឲ្យឆោឡោដល់ពលរដ្ឋក្បែរខាងយកបំពង់ពន្លត់អគ្គិភ័យ បាញ់អស់៨បំពង់ តែមិនរលត់ ទើបរាយការណ៍ទៅសមត្ថកិច្ចចេញ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការក្រុង ចេញទៅចំនួន២គ្រឿង បាញ់ទឹកអស់មួយសុីទែន ទើបភ្លើងរលត់ទៅវិញ ហើយសម្ភារៈ នៅផ្នែកចង្ក្រានបាយ ទទួលរងខូចខាតស្ទើទាំងអស់ សំណាងល្អគ្មានអ្នករងរបួស ។ផេងភាព